រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញមន្ត្រីទាំងអស់ត្រូវអនុវត្តឱ្យបានខ្ចាប់ខ្ជួននូវវិធានរបស់រាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងវិបត្តិកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ធីណេ 08,09,2020


MC រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យមន្ត្រីទាំងអស់នៅក្រោមឱវាទ ត្រូវអនុវត្តឱ្យបានខ្ចាប់ខ្ជួន នូវវិធានការណ៍ និងយុទ្ធសាស្រ្តចាំបាច់នានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីធានាដោះស្រាយ វិបត្តិរបស់ប្រជាកសិករនិងម្ចាស់អាជីវកម្មនៅក្នុងស្ថានភាពជំងឺកូវីដ១៩។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៅខេត្តប៉ៃលិន កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ចាប់ខ្ជួននូវវិធានការណ៍ និងយុទ្ធសាស្រ្តចាំបាច់នានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាពិសេសត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវឱ្យប្រជាកសិករខិតខំដាំដុះ ជំរុញផលិតកម្មកសិកម្ម រួមមាន ដំណាំមៀន តាង៉ែន ដំឡូងមី ដំណាំផ្សេងៗទៀត និងការចិញ្ចឹមសត្វជាដើម ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់ក្នុងស្រុក ព្រមទាំងបង្កើតទីផ្សារជូនកសិករខ្នាតតូចដែលជា កាលានុវត្តភាពសម្រាប់វិស័យកសិកម្ម និងទីផ្សារ។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តទៀតថា បញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩នេះ យើងអាចដោះស្រាយបាន ព្រោះយើងជាប្រទេសកសិកម្មស្រាប់ តែយើងទាំងអស់គ្នាត្រូវខិតខំអនុវត្តគម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍)ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការកៀរគរស្ថាប័នពាក់ព័ន្ធនានា និងខិតខំបង្កើនកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីធ្វើឱ្យខ្សែច្រវ៉ាក់តម្លៃឱ្យដំណើរការល្អប្រសើរ និងត្រូវបង្កើតផ្សារចុងសប្ដាហ៍នៅក្នុងខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយលក់ផលិតផលកសិ-ពាណិជ្ជកម្ម ដែលដាំដុះ និងចិញ្ចឹមដោយកសិករផ្ទាល់ ជាពិសេសលើកស្ទួយវិបុលភាពកសិករខ្នាតតូច តាមរយៈការបង្កើនផលចំណេញកាន់តែច្រើន ដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ៕