មុខរបរផលិតពពុះសណ្តែករបស់អ្នកស្រុកខ្សាច់កណ្តាលខេត្តកណ្តាលអាចរកប្រាក់ចំណូលជាង៨លានរៀលក្នុងមួយថ្ងៃ

វិទ្យុជាតិកម្ពុជា៖ស្រីផល 08,09,2020


MC៖ប្រជាពលរដ្ឋមួយគ្រួសារនៅខេត្តកណ្តាលប្រកបមុខរបរផលិតពពុះសណ្តែកឬ(ហុកគី)អាចរកប្រាក់ចំណូលបានជាង៨លានរៀលក្នុងមួយថ្ងៃ ដែលធ្វើឱ្យជីវភាពគ្រួសារនេះមានលក្ខណៈធូរធារល្អប្រសើរ។
លោក ផុន វ៉ាន់ថន ជាពលរដ្ឋរស់នៅភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានឱ្យដឹងថា ក្នុងមួយថ្ងៃគ្រួសារលោកអាចផ្គត់ផ្គង់ពពុះសណ្តែកប្រមាណជាង៥០០គីឡូក្រាមទៅកាន់ទីផ្សារ ដោយក្នុង១គីឡូក្រាម លក់បានតម្លៃចាប់ពី១៧០០០រៀល រហូតទៅ២០០០០រៀល ។ ដូច្នេះលោកអាចរកប្រាក់ចំណូលបានជាមធ្យមប្រមាណ៨លានរៀលក្នុងមួយថ្ងៃ។
លោកបន្តថា ពពុះសណ្តែកនេះ ផលិតពីសណ្តែកសៀង ដែលកសិករដាំក្នុងស្រុក។ ហើយដើម្បីបានពពុះសណ្តែកទៅលក់នៅលើទីផ្សារបាន ដំបូងត្រូវយកសណ្តែកសៀងទៅហាលថ្ងៃឱ្យស្ងួត រួចយកទៅត្រាំទឹកទុកយ៉ាងតិច៤ម៉ោង ទើបយកទៅកិន។ បន្ទាប់មក នៅពេលដែលសណ្តែកសៀងកិនរួច ត្រូវដាក់ចូលនៅក្នុងខ្ទះ ដើម្បីរំងាស់ដងយកតែពពុះសណ្តែក រួចវៀសវាជាផ្ទាំងយកទៅហាល រយៈពេល១ថ្ងៃទាល់តែស្ងួត ទើបអាចប្រមូលមកទុក យកទៅច្រក់វេចខ្ចប់ឱ្យបានត្រឹមត្រូវ ទើបអាចបោះលក់នៅលើទីផ្សារបាន។
សំឡេង៖ ការផលិតនេះ វាបានកាកសំណល់សល់ក្តាំងក៏បានយើងលក់ ផេះក៏យើងលក់ ពពុះដែលគេចោល យើងយកទៅឱ្យត្រីស៊ីទៀត អ៊ីចឹងវាបម្រើទីផ្សារឱ្យយើងគ្រប់តែម្ដង ខ្ញុំសម្រេចចិត្តថាការងារនេះ ជាការងារប្រចាំត្រកូល តដល់កូនចៅរបស់ខ្ញុំ ព្រោះនេះវាជាការងាររកស៊ី ដែលខ្ញុំធ្លាប់ដើរហក់លោត ហើយឃើញថាមុខរបរហ្នឹងគឺវាការងារបន្ទាប់បន្សំ»។
លោកបានបន្តថា ការផលិតពពុះសណ្តែកនេះ គឺទាមទារឱ្យអ្នកផលិត ត្រូវគិតពីទីតាំងរោង ការរៀបចង្រ្កាន និងសម្អាតអនាម័យជាប្រចាំ ការរៀបចំទុកដាក់ ពិសេសការជ្រើសរើសវត្ថុធាតុដើមផលិតដោយគុណភាព។ជាមួយគ្នានោះ លោកនឹងពង្រីកមុខរបរនេះបន្ថែមទៀត ព្រោះជាមុខរបរប្រពៃណីដែលបានបន្សល់ទុកពីដូនតា ជួយឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការងារធ្វើ មិនបាច់ធ្វើចំណាកស្រុក ពិសេសបានជួយទិញកសិផលសណ្តែកសៀង ដែលប្រជាកសិករក្នុងមូលដ្ឋានផលិតបាន។
សូមបញ្ជាក់ថា ពពុះសណ្តែកនេះត្រូវគេយកទៅចំអិនធ្វើជាម្ហូបបានជាច្រើនមុខ ដូចជា សម្លចាប់ឆាយ ឆារមីសួរ ខ្ចប់គួង និងដាក់ក្នុងស៊ប់ជាដើម៕