មនុស្ស២នាក់បានស្លាប់ និង៧នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
ភ្នំពេញ៖ មនុស្ស២នាក់បានស្លាប់ និងរបួស៧នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ដែលភាគច្រើនគ្រោះថ្នាក់ទាំងនេះ កើតឡើងដោយសារបើកបរលើសល្បឿនកំណត់ និងមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែកញ្ញា នៅកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៦លើក បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន២នាក់ និងរបួសធ្ងន់ចំនួន៧នាក់ ។
របាយការណ៍បានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺបណ្ដាលមកពីបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព ប្រជែងគ្រោះថ្នាក់ និងស្រវឹងជាដើម ។
របាយការណ៍ដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ គឺបានបណ្ដាលឱ្យខូចខាតម៉ូតូចំនួន ៨គ្រឿង រថយន្តធុនធំ ៣គ្រឿង យានផ្សេងៗ ១គ្រឿង។
ជុំវិញបញ្ហានេះ សមត្ថកិច្ចនគរបាល នៅបន្តក្រើនរំលឹកប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយត្រូវបើកបរប្រកាន់ស្តាំ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសភ្លើង សញ្ញាចរាចរណ៍ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពពេលបើកបររថយន្ត ពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ច្រាស់ទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕