ការវិលត្រឡប់មកកាន់ថ្នាក់រៀនវិញអាចជំរុញឱ្យការសិក្សារបស់សិស្សកាន់តែមានគុណភាពជាងមុន

វិទ្យុជាតិកម្ពុជា៖ លោកអ៊ូ កាណែល

ភ្នំពេញ៖ ក្រុមសិស្សានុសិស្សបានលើកឡើងថា ការវិលត្រឡប់មកកាន់ថ្នាក់រៀនវិញ អាចជំរុញឱ្យការសិក្សា​របស់ពួកគេ កាន់តែមានគុណភាពជាងមុន បន្ទាប់ពីសាលាបានផ្អាកការសិក្សាអស់រយៈ​ពេល៦ខែដោយ​សាតែកូវីដ-១៩។

ក្រុមសិស្សានុសិស្ស មានភាពសប្បាយរីករាយ បន្ទាប់ពីពួកគេបានអង្គុយរៀននៅក្នុងថ្នាក់ ជួបជុំមិត្ត ភក្ត​គ្រូបង្រៀនរបស់ពួកគេ នៅក្នុងចូលរៀនថ្ងៃដំបូងកាលពីថ្ងៃទី៧ខែកញ្ញា ឆ្នាំ ២០២០ម្សិលមិញ។

ក្នុងនោះសាលាវិទ្យាល័យបាក់ទូកនៅរាជធានីភ្នំពេញបានចាប់ផ្តើមអនុវត្ត នូវគោលការណ៍សុវត្ថិភាព​តាមការណែ​នាំរបស់ក្រសួងសុខាភិបាល រៀបចំថ្នាក់ឱ្យបានធំទូលាយជាងមុន បង្កើតកន្លែងលាងដៃស្ទើរគ្រប់ទីកន្លែង និងដាក់អាគារឱ្យសិស្សសិក្សា មានចន្លោះឆ្ងាយពីគ្នាជាង១០០ម៉ែត្រផងដែរ។

យុវសិស្ស ថោង សោង រៀននៅ ថ្នាក់ទី៩ វិទ្យាល័យបាក់ទូក បានប្រាប់ឱ្យដឹងថា ពេលរៀនតាមអនឡាញ គឺយល់អត់ច្បាស់ ចង់សួរគ្រូក៏ពិបាក ហើយអ៊ីនធើណេត ក៏ដំណើរការមិនសូវល្អទៀត ដូច្នេះ មករៀននៅក្នុង​ថ្ងៃបានជួបជុំមិត្តភក្តិផង និងជួបគ្រូផង ដូច្នេះបើរៀនអត់យល់អាចសួរមិត្តភក្តិនិងគ្រូបាន។

ដោយឡែក យុវសិស្ស គឹម បាណុងពិសិដ្ឋ រៀនថ្នាក់ទី៩នៃវិទ្យាល័យបាក់ទូក បានឱ្យដឹងថា ការត្រឡប់មករៀន​វិញនេះ បានធ្វើឱ្យរួបគេបានត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាប័ត្រឌីប្លូម នាពេលខាងមុខបានច្រើន ក្នុងការខិត​ខំប្រឹងប្រែង​រៀនសូត្រចាប់ពីថ្ងៃចូលរៀននេះរហូតទៅ។

ជុំវិញរឿងការត្រឡប់ចូលមកកាន់ថ្នាក់រៀនវិញនេះ គឺត្រូវបានរឹតបន្តឹងលើបញ្ហាសុវត្ថិភាពខ្លាំង និងការហាមឃាត់​មិន​ឱ្យមានការលក់ដូរអាហារសម្រន់នៅក្នុងសាលា និងនៅខាងក្រៅរបងបរិវេណសាលា។

លោក តូច កន្តាល់ នាយកសាលាវិទ្យាល័យបាក់ទូក បានឱ្យដឹងថា មានគោលការណ៍ផ្លាស់ប្តូរសិស្សនៅក្នុងថ្នាក់​រៀន កាលមុនសិស្សរៀនក្នុង១ថ្នាក់មានពី៤០ទៅ៥០នាក់ ឥឡូវនេះ គឺកាត់​បន្ថយក្នុង១ថ្នាក់មានតែ១៥​ទៅ២០នាក់ប៉ុណ្ណោះ។  មានការវាស់កម្តៅ និងសម្អាតអនាម័យជាប្រចាំ។

គិតត្រឹមថ្ងៃដំបូង នៃដំណើរការបើកវិទ្យាល័យបាក់ទូកឡើងវិញ សិស្សថ្នាក់ទី៩និង១២សរុបមានចំនួន៦៣៥នាក់ ក្នុងចំណោមសិស្សសរុប ១៥០០នាក់គិតចាប់ពីថ្នាក់ទី៧ដល់ទី១២។

សម្រាប់សិស្សដែលបានមកចូលរៀនកាលពីថ្ងៃដំបូងនេះ គឺមានប្រមាណ៩០ភាគក្នុងចំណោមសិស្សថ្នាក់ទី៩​​និងទី១២ចំនួន៦៣៥នាក់ ។

បន្ទាប់ពីបានបិទទ្វារអស់រយៈប្រមាណជា៦ខែ ព្រោះតែជំងឺកូវីដ១៩នោះ គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនមួយចំនួន បានបើកទ្វារសិក្សាឡើងវិញហើយ នៅថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា គ្រឹះស្ថានអប់រំរបស់រដ្ឋ ដែលបើកទ្វារទទួលសិស្សកាលពីម្សិលមិញនេះ សម្រាប់២១រាជធានី-ខេត្ត បើកទ្វារសម្រាប់តែថ្នាក់ទី៩ និងថ្នាក់ទី១២។ រីឯសាលានៅទីរួមខេត្ត៤ផ្សេងទៀត ដែលមានហានិភ័យឆ្លងជំងឺកូវីដ១៩ទាប គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី អនុញ្ញាតឱ្យបើកទ្វារគ្រប់កម្រិតសិក្សាពីថ្នាក់ទី១ ដល់ទី១២។ ក្រៅពីនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏អនុញ្ញាតឱ្យមានការបើកសាលារៀនតាមលទ្ធភាពជាក់ស្តែងនៅតាមរាជធានី-ខេត្តមួយចំនួនទៀតផងដែរ៕