សម្តេចតេជោ បន្តអំពាវនាវអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

វិទ្យុជាតិកម្ពុជា
ភ្នំុពេញ៖  សម្តេចតេជោហ៊ុនសែនបន្តអំពាវនាវអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីធានាឲ្យពុទ្ធបរិស័ទបាន ធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លា និងភាពសប្បាយរីករាយជួបជុំក្រុមគ្រួសារ។

តាមរយៈផេកហ្វេសប៊ុករបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរថា នៅថ្ងៃទី៨ ខែកញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។
នាឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។
ជាមួយគ្នាសូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល នឹងពាក់ម៉ាសក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។ កុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ-១៩អោយសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០២០៕