សភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី

ភ្នំពេញ៖  គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ អាយប៉ា (AIPA) លើកទី៤១ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(Video Conference) តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយម វៀតណាម។

អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី៨ ខែកញ្ញានេះ បានឱ្យដឹងថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំថ្នាក់តំបន់នេះ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤១ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ការទូតសភាដើម្បី
ភាពស្អិតល្មួត និងការឆ្លើយតបអាស៊ាន»។ នៅក្នុងកំឡុងពេលនៃមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាម
គណៈកម្មាធិការជាច្រើនរបស់អាយប៉ាដែល សម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូ ចូលរួមប្រជុំ
មានដូចជា កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការស្រ្តី(WAIPA) កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេង
កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំជាដើម។
សូមបញ្ជាក់ថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ
នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសប៊្រុយណេ កម្ពុជា
ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។
អន្តរសភាអាស៊ាន ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន
ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ៕