អភិបាលខេត្តកំពង់ឆ្នាំងណែនាំឱ្យយបង្កើនការគ្រប់គ្រងភូមិសាស្ត្រតំបន់ទេសចរណ៍នៅស្រុកទឹកផុស និងស្រុករលាប្អៀរឱ្យមាននិរន្តរភាព

វិទ្យុជាតិកម្ពុជា វ៉ែន សុវុទ្ធី
MC: អភិបាលខេត្តកំពង់ឆ្នាំងណែនាំឲ្យបង្កើនការគ្រប់គ្រងភូមិសាស្ត្រតំបន់ទេសចរណ៍នៅស្រុកទឹកផុស និងស្រុករលាប្អៀរឱ្យមាននិរន្តរភាព ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំផែនការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ព្រៃខ្មែរ (ភ្នំរាប់បាត្រ, ភ្នំដើមផ្កា, ទំនប់ឈ្វាំង), តំបន់អេកូទេសចរណ៍ធម្មជាតិភ្នំសន្ទូច ស្ថិតនៅក្នុងស្រុករលាប្អៀរ និងតំបន់ទេសចរណ៍កម្សាន្តទំនប់គង្គា ស្ថិតនៅក្នុងស្រុកទឹកផុស ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឱ្យ​​យទៅទស្សនាបានកាន់តែច្រើន។

ឯកឧត្តមអភិបាលខេត្ត ស្នើរឱ្យអាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវគិតគូរទៅលើការគ្រប់គ្រងភូមិសាស្ត្រ គោលដៅការអភិវឌ្ឍ និងការដឹកនាំគ្រប់គ្រង ដោយជួយគាំទ្រផ្នែកបច្ចេកទេស និងរៀបចំគម្រោងធ្វើយ៉ាងណា ដើម្បីឱ្យមានការអភិវឌ្ឍ នៅតំបន់ទេសចរណ៍ទាំងនោះមាននិរន្តរភាព និងស្ថិរភាព លើកកម្ពស់សេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្ដមក៏បានណែនាំដល់គ្រប់មន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់តម្រង់ទិស ឆ្ពោះទៅរកសកម្មភាពការងាររបស់ខ្លួន ចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍មួយនេះ ឱ្យយកាន់តែរីកចំរើនថែមទៀត។ចំណែកអាជ្ញាធរមានសមត្ថកិច្ចវិញ ត្រូវតម្រង់ទិសប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយផ្សព្វផ្សាយនិងពន្យល់អំពីច្បាប់ លិខិតបទដ្ឋាន គតិយុត្តិផ្សេងៗ ជាពិសេស ពាក់ព័ន្ធនឹងវិស័យដីធ្លី ដើម្បីឱ្យពួកគាត់មានការយល់ដឹង និងគោរពច្បាប់ទាំងអស់គ្នា ។ ឯកឧត្តម បានបន្ថែមថា អាជ្ញាធរនិងអ្នកពាក់ព័ន្ធ ត្រូវពង្រឹងការគ្រប់គ្រងតំបន់ទេសចរណ៍ឱ្យបានច្បាស់លាស់ ឲ្យមានរបៀបរៀបរយ និងសោភ័ណភាពល្អ ធ្វើយ៉ាងណាដើម្បីទាក់ទាញភ្ញៀវទេសចរ ទៅកម្សាន្តនៅតំបន់ទេសចរណ៍ទាំងនោះ ឱ្យបានកាន់តែច្រើន ៕