លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាននាំយកថវិកាសប្បុរសជនចំនួនជាង១៧ម៉ឺនដុល្លារ ឧបត្ថម្ភមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា៖ស្រីផល
សៀមរាប៖ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានយកថវិកាផ្ទាល់ខ្លួន និងថវិកាសប្បុរសជនចំនួនជាង១៧ម៉ឺនដុល្លារ រួមទាំងគ្រឿងឧបភោគ បរិភោគជូនដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប សម្រាប់ការព្យាបាលនិងថែទាំសុខភាពដល់កុមារ។

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច​តេជោ រួមជាមួយសប្បុរសជនមួយចំនួនទៀត បាននាំយកថវិកាផ្ទាល់ខ្លួន និងថវិកាសប្បុរសជនចំនួន ជាង១៧ម៉ឺនដុល្លារ ព្រមទាំងសម្ភារពេទ្យ និងគ្រឿងបរិភោគមួយចំនួន ចូលរួមឧបត្ថម្ភជូនដល់មន្ទីរពេទ្យកុមារ​អង្គរនៅខេត្តសៀមរាប ក្នុងឱកាសដែលមន្ទីរពេទ្យនេះ ប្រារព្ធកម្មវិធីបុណ្យផ្កាមហាសាមគ្គី ខួបឆ្នាំទី៧ ដើម្បីស្វែងរកមូលនិធិ សម្រាប់ការព្យាបាល និងថែទាំសុខភាពកុមារ ទារក ។
លោកជំទាវ បានផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ជាពិសេស ការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ជូនចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយ ចិត្តជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ និងភាពកក់ក្តៅដល់កុមារប្រកបដោយស្នាមញញឹម។
លោក ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា នៅឆ្នាំ២០២០នេះ មន្ទីរពេទ្យបានទទួលថវិកាជាង៤០ម៉ឺនដុល្លារ ពីសប្បុរសជននៅក្នុងស្រុក ដែលបានឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌ ដល់មន្ទីរពេទ្យនេះផងដែរ៕