រដ្ឋមន្ដ្រីកសិកម្មស្នើរឱ្យមន្រ្តីរដ្ឋបាលជលផលជំរុញកសិករឱ្យចិញ្ចឹមត្រី កង្កែប និងដាំបន្លែ

វិទ្យុជាតិកម្ពុជា វ៉ែន សុវុទ្ធី
កណ្តាល៖ រដ្ឋមន្ដ្រីកសិកម្ម ស្នើរឱ្យមន្រ្តីរដ្ឋបាលជលផលជួយជំរុញកសិករឱ្យចិញ្ចឹមត្រី កង្កែប និងដាំបន្លែ ដល់ប្រជាកសិករ ដើម្បីធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង សម្រាប់ផ្គគ់ផ្គង់ជីវភាព និងកាត់បន្ថយការនាំចូលពីក្រៅ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួន ទៅចែកជូនកសិករ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។
នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ មន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំពុះពារគ្រប់បែបយ៉ាង ជួយជំរុញការចិញ្ចឹមត្រី និងកង្កែប ដាំបន្លែ ចិញ្ចឹមសត្វផ្សេងៗ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀងតាមគ្រប់រូបភាព ។ បន្ថែមពីនេះទៀតត្រូវធ្វើការតាមដាននូវរាល់សកម្មភាព របស់អ្នកចិញ្ចឹម ដែលនឹងយកកូនត្រីទៅចិញ្ចឹមនាពេលនេះ ធ្វើយ៉ាងណាឱ្យការចិញ្ចឹម ទទួលបានផលខ្ពស់។
ជាមួយគ្នានេះ មន្រ្តីជំនាញរដ្ឋបាលជលផល ត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច ហើយត្រូវបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹម៕