រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងថា ដំឡូងមីពូជ KU50ដែលដាំនៅកសិដ្ឋានផលិតពូជដំណាំដីខ្ពស់ចំការលើខេត្តកំពង់ចាមកំពុងលួតលាស់ល្អ

វិទ្យុជាតិកម្ពុជា វ៉ែន សុវុទ្ធី
កំពង់ចាម៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងថា ដំឡូងមីពូជ KU50ដែលដាំនៅកសិដ្ឋានផលិតពូជដំណាំដីខ្ពស់ចំការលើកំពុងលួតលាស់ល្អបន្ទាប់ពីបានដាំអស់រយៈពេល៣ខែកន្លងមក។
ក្នុងឱកាសអញ្ជើញចុះពិនិត្យ ការលូតលាស់ដំឡូងមីពូជ KU50នៅខេត្តកំពង់ចាមកន្លងមកថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ដោយគ្រាន់តែក្នុង រយៈពេល៣ខែឃើញថា ដំណាំដំឡូងមី ទទួលបានលទ្ធផលល្អ និងគ្មានជំងឺឆ្លង ប៉ុន្តែត្រូវរង់ចាំពិនិត្យមើលទិន្នផល នៅរដូវប្រមូលផលខាងមុខទៀត ទើបធ្វើការវាយតម្លៃជារួម លើលក្ខណៈសម្បត្តិ របស់ពូជKU50នេះបាន មុនធ្វើការពង្រីកពូជ និងផ្សព្វផ្សាយជូនដល់កសិករ។
សូមបញ្ជាក់ថា ពូជKU50 និងពូជ៨១ ដែលអនុវត្តមកនេះ បានទិញពីវិទ្យាស្ថានអភិវឌ្ឍពូជដំឡូងមី (TTDI) ប្រទេសថៃ ដោយមានការជួយឧបត្ថម្ភ ពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា CAVAC របស់រដ្ឋាភិបាលអូស្រ្តាលី៕