ប្រមុខការទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំក្នុងក្របខ័ណ្ឌអាស៊ានតាមប្រព័ន្ធវីដេអូ

វិទ្យុជាតិកម្ពុជា ៖ លោក អាត ចន្ធូ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្របខ័ណ្ឌអាស៊ាន ដែលនឹងរៀបចំឡើងតាមប្រព័ន្ធវីដេអូ ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានអោយដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម នាពេលថ្មីៗនេះ ឯកឧត្តម ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំក្នុងក្របខ័ណ្ឌអាស៊ាន ដែលកិច្ចប្រជុំ នោះ រួមមាន ៖ – កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ – កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ – កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៧ – កិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីការអភិវឌ្ឍក្នុងអនុតំបន់ – កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២១ – កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី១០ – ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស – កិច្ចសន្ទនារដ្ឋមន្រ្តីការបរទេសអាស៊ាន ស្តីពីការពង្រឹងតួនាទីរបស់ស្ត្រីសម្រាប់សន្តិភាព និង សន្តិសុខប្រកបដោយចីរភាព ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ – កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧ និងមាន សន្និសីទសារព័ត៌មានមួយនៅ ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនាទាំង១០ប្រទេសរបស់អាស៊ាន។
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននេះ នឹងពិនិត្យមើលឡើងវិញផែនការលំអិតរបស់អាស៊ាន និងការអនុវត្តធម្មនុញ្ញអាស៊ាន ផ្តោតការយកចិត្តទុកដាក់ទៅលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ាន និងអនុសាសន៍នានា សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ដើម្បីសមាហរណកម្មនិងការតភ្ជាប់ក្នុងរង្វង់អាស៊ាន ជាមួយសហគមន៍ពិភពលោក៕