លោកជំទាវ ម៉ែន សំអន អំពាវនាវប្រជាពលរដ្ឋ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍របស់ក្រសួងសុខាភិបាល

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ
ស្វាយរៀង៖ លោកជំទាវ ម៉ែន សំអន អំពាវនាវប្រជាពលរដ្ឋចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍មូលដ្ឋាន។
ថ្លែងក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជា ចំនួន៤០០គ្រួសារ រស់នៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ដស្វាយរៀង កាលពីថ្ងៃទី០៧ ខែកញ្ញានេះ លោកជំទាវ កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តនូវវិធានសំខាន់ៗមួយចំនួន ដូចជា ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ជាពិសេសត្រូវចូលរួមគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាត សង្គម រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្ដេចទាំងទេ្វតែងតែគិតគូរដល់សុខទុក្ខ អតីតយុទ្ធជននៅទូទាំងប្រទេស ដែលបានចូលរួមចំណែកថែរក្សា ការពារសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជោគជ័យទាំងអស់នេះ ក៏មិនអាចកាត់ផ្ដាច់បានពីគុណបំណាច់ និងស្នាដៃ នៃការចូលរួមចំណែករបស់បងប្អូនអតីតយុទ្ធជន ដែលមានវត្ដមាននៅទីនេះដែរ៕