អភិបាលខេត្តកំពង់ចាម ចុះពិនិត្យមើលសិស្ស និងផ្ដល់អំណោយសម្ភារការពារជំងឺកូវីដ-១៩ក្នុងក្រុងកំពង់ចាម

វិទ្យុជាតិកម្ពុជា

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យមើលសិស្សានុសិស្ស នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាមនិងផ្ដល់អំណោយ ជាសម្ភារ សម្រាប់ការពារជំងឺឆ្លងកូវីដ១៩ គ្រប់ទាំង៦វិទ្យាល័យក្នុងក្រុងកំពង់ចាម ។
ឯកឧត្តមអភិបាលខេត្តថ្លែងថា ការអនុញ្ញាតឱ្យសិស្សចូលរៀនក្នុងដំណាក់កាលទី២ មានសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ របស់ក្រសួងអប់រំយុវជននិងកីឡា នាពេលនេះ សូមលោកគ្រូ អ្នកគ្រូ ត្រូវគិតគូរពីបញ្ហាសុខភាពទាំងទាំងអស់គ្នាពោល គឺពេលមកបង្រៀនអ្នកគ្រូ លោកគ្រូ និងសិស្ស ត្រូវពាក់ម៉ាសការពារ ហើយបើមានការខ្វះខាតសូមរាយការណ៍មកអាជ្ញាធរក្រុងដើម្បីផ្ដល់ជូនបន្ថែម ។
ឯកឧត្តមអភិបាលខេត្តណែនាំដល់លោកគ្រូ អ្នកគ្រូឱ្យជួយរៀបចំកន្លែងអង្គុយត្រូវមានគម្លាតពីសិស្សម្នាក់ ទៅម្នាក់ ទៀត ចម្ងាយ ១ម៉ែត្រកន្លះ ឱ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជំរុញឱ្យសិស្សឧស្សាហ៍លាងដៃ ជាមួយអាកុល ឬសាប៊ូជាប្រចាំ មុនពេលចូលរៀន ក្នុងនោះដែរប្រសិនបើលោកគ្រូ អ្នកគ្រូពិនិត្យមើលសុខភាពសិស្សណាមានអាការៈមិនស្រួល ប្រញ៉ាប់ទំនាក់ទំនងទៅកាន់គ្រូពេទ្យជាបន្ទាន់ ។
ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យសាលាបង្កើតគណៈកម្មការដើម្បីត្រួតពិនិត្យសិស្សឱ្យបានឆាប់រហ័ស ដែលក្នុងនោះ តម្រូវឱ្យមានតំណាងរបស់សាលា និងអាជ្ញាធរសង្កាត់ និងក្រុមគ្រូពេទ្យ ១នាក់ផងដែរ ។
សូមបញ្ជាក់ថាអំណោយដែលបានផ្ដល់ជូននាពេលនោះមាន ១ វិទ្យាល័យព្រះសីហនុ ទទួលបានម៉ាស់ចំនួន១០០០ អាកុល២កាន ទី២ វិទ្យាល័យដីដុះ ទទួលបានម៉ាស់ចំនួន ៥០០ និងអាកុល១កានទី៣ វិទ្យាល័យសំបួរមាស ទទួលបានម៉ាស់ចំនួន៥០០ អាកុល១កាន ទី៤ វិទ្យាល័យបឹងកុក ទទួលបានម៉ាស់ចំនួន ៥០០ អាកុល១កាន ទី៥ វិទ្យាល័យហ៊ុនសែនកំពង់ចាម ម៉ាស់ ចំនួន ៥០០ អាកុល១កាន និងទី៦ អនុវិទ្យាល័យទួលថ្ម ទទួលបានម៉ាស់ចំនួន ៥០០ និងអាកុល១កានផងដែរ ៕