ក្រសួងសុខាភិបាលតាមរយៈវិទ្យុជាតិកម្ពុជាបន្តអំពាវនាវដល់ពុទ្ធបរិស័ទឱ្យការពារជំងឺកូវីដ-១៩នៅតាមទីវត្តអារាម

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា
ភ្នំពេញ៖ក្រសួងសុខាភិបាលតាមរយៈវិទ្យុជាតិកម្ពុជាបានបន្តអំពាវនាវដល់ពុទ្ធបរិស័ទឱ្យការជំងឺកូវីដ១៩ នៅតាមទីវត្តអារាម ដើម្បីកុំឱ្យឆ្លងរាលដាលឆ្លងចូលសហគមន៍។
ក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ឋនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលមានប្រសាសន៍ថា ក្រសួងសុខាភិបាល បានក្រើនរំលឹកម្តងហើយម្តងទៀត ដល់ប្រជាពលរដ្ឋត្រូវអនុវត្តនូវវិធានការណ៍ទប់ស្កាត់ជំងឺCOVID-19 នារដូវកាលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះតម្រូវឱ្យគ្រប់វត្តអារាម រៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ត្រូវមានកន្លែងពិនិត្យសុខភាពមុនពេលចូលទីធ្លាវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ត្រូវមានឧបករណ៍វាស់កំដៅ សាប៊ូ និងទឹកស្អាត ឬអាល់កុលសម្រាប់លាងដៃ ឬទឹកជេលលាងដៃ ពាក់ម៉ាស់ យ៉ាងហោចណាស់គម្លាតបុគ្គលឱ្យបាន១ម៉ែត្រកន្លះ ឃ្លាតឆ្ងាយពីគ្នា នៅពេលក្អក និងកណ្តាស់ ដោយប្រើម៉ាស់ កន្សែង ក្រមា ឬក្រដាសជូតមាត់ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ។
សំឡេង៖«មុនរាល់ពេល ដែលមានពិធីបុណ្យផ្សេងៗ ក្រសួងសុខាភិបាលតែងតែ ក្រើនរំលឹក ក៏ដូចជាផ្សព្វផ្សាយ សាអប់រំនានាដល់ប្រជាពលរដ្ឋឱ្យមានការបង្ការ និងរួមគ្នាការទប់ស្កាត់ជំងឺកូវីដ-១៩នេះ កុំឱ្យកើតមានឡើងនៅក្នុងសហគមន៍ ។ ជម្រាបជូនប្រជាពលរដ្ឋម្តងហើយម្តងទៀត ជំងឺកូវីដ-១៩នេះជាជំងឺមួយដែលរាតត្បាតជាសកល ប្រជាពលរដ្ឋទូទាំងពិភពលោកទាំងអស់គឺមានសិទ្ធិឆ្លងទាំងអស់គ្នា ។ អ៊ីចឹងហើយមានតែការបង្ការទប់ស្កាត់រួមគ្នា ទើបអាចបង្ការជំងឺនេះ កុំឱ្យមានកើតនៅក្នុងសហគមន៍ ។ដោយឡែកបុណ្យកាន់បិណ្ឌប៉ុន្មានថ្ងៃនេះ សង្កេតឃើញវត្តអារាមនិងប្រជាពលរដ្ឋ ឧបាសកឧបាសិកា គាត់បានអញ្ជើញទៅវត្ត។ វត្តមួយចំនួនគាត់ធ្វើបានល្អ ប៉ុន្តែឃើញវត្តមួយចំនួនមិនទាន់ធ្វើបាននៅល្អនោះទេ »។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា បច្ចុប្បន្នបណ្តាប្រទេសមួយចំនួន ជាពិសេសប្រទេសជិតខាងកម្ពុជាកំពុងមានការកើតឡើងវិញនូវវីរុសកូវីដ១៩ ជាករណីនាំចូលពីក្រៅប្រទេស ដែលនេះហើយជាការព្រួយបារម្ភរបស់ប្រទេសកម្ពុជា ៕