អគ្គស្នងការនគរបាលជាតិជំរុញឱ្យសមត្ថកិច្ចបង្កើនវិធានការទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែន

វិទ្យុជាតិកម្ពុជា៖លោកស៊ុន សំនៀង
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិជំរុញឱ្យសមត្ថកិច្ចបង្កើនវិធានទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែន ដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់ និងឈានទៅលុបបំបាត់គ្រឿងញៀន ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា បទល្មើសគ្រឿងញៀននាពេលបច្ចុប្បន្ននេះគឺជារៀងស្មុគស្មាញ តម្រូវឱ្យរួមគ្នាបង្ក្រាប និងទប់ស្កាត់ឱ្យបានកាន់ខ្លាំងក្លាបន្ថែមទៀត។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជំនាញស៊ើបអង្កេត បង្រ្កាបបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី៧ ខែកញ្ញានេះ ឯកឧត្តម បានបញ្ជាក់ថា ការកើនឡើងនៃគ្រឿងញៀននេះ ដែលជាបទល្មើសធំ និងជាបញ្ហាដ៏ធំនៅក្នុងសង្គមកម្ពុជា តំបន់ និងនៅលើពិភពលោក។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ សីហា ២០២០ សមត្ថកិច្ច បង្រ្កាបករណីគ្រឿងញៀនបាន ៣៣,១៤៧ករណី ឃាត់ខ្លួន ៦៨,៧៨៨នាក់ និងរឹបអូសគ្រឿងញៀន បាន២,១៥៧ គីឡូក្រាម។ក្នុងនោះ អង្គភាពមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាសេនាធិការ បានធ្វើការបង្ក្រាបបាន៤,៣៩១ករណី ឃាត់ខ្លួន៧,៤៣៩ នាក់ និងរឹបអូសគ្រឿងញៀន បាន ១,១៥០គីឡូក្រាមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕