ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់ប្រសាសន៍សំខាន់ៗមួយចំនួន ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងកំពត

(កំពត)៖ នាព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០ ៧ ខែកញ្ញា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាព ប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងកំពត និង យោធភូមិភាគទី៣ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត។

ឆ្លៀតនាឱកាសនោះ ឧត្តមសេនីយ៍ឯក បានផ្តល់ប្រសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖ ១. សូមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនទូទាំងតំបន់ប្រតិបត្តិការសឹករងកំពត ដែលកន្លងមកបានខិតខំបំពេញភារកិច្ច ដោយសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន ដោយធានាការពារបាននូវប្រៀបការពារជាតិ ការពារបូរណភាពទឹកដី ក៏ដូចជាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ និងអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនជាលំដាប់របស់តំបន់ប្រតិបត្តិការសឹករងកំពតរាប់ចាប់តាំងពីពេលបង្កើតក្នុងឆ្នាំ១៩៧៩មក ក្រោមការតស៊ូលះបង់របស់យោធិន ក៏ដូចជាមេបញ្ជាការគ្រប់ជំនាន់ ដោយសម្រេចបាននូវសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន សម្រួលដល់ការបំពេញភារកិច្ច និងជីវភាពរស់នៅរបស់កងទ័ព។

២. តំបន់ប្រតិបត្តិការសឹករងកំពត ក៏បានខិតខំចូលរួមចំណែកច្រើននៅក្នុងការងារសមាគមអតីតយុទ្ធជនកម្ពុជា ដែលជាយន្តការមួយនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់នូវការថែទាំ និងជួយទំនុកបម្រុងដល់កម្លាំងប្រដាប់អាវុធរបស់ជាតិយើងបន្ទាប់ពីការបញ្ចប់ភារកិច្ចផ្ទេរចេញពីជួរកងកម្លាំង។ ការខិតខំបន្តជួយនេះ គឺជាការថ្លែងអំណរគុណ និងដឹងគុណចំពោះការលះបង់ពេលវេលា និងកម្លាំងកាយចិត្ត បម្រើជាតិមាតុភូមិរបស់អតីតយុទ្ធជនយើង ហើយក៏ជាការផ្តល់នូវមនោសញ្ចេតនាយកចិត្តទុកដាក់, ការផ្តល់តម្លៃកិត្តិយស និងភាពកក់ក្តៅដល់ពួកគាត់។ ក្នុងកាលៈទេសៈដែលប្រទេសយើងមានសង្គ្រាម ភាគច្រើនគឺអ៊ំពូមីងអតីតយុទ្ធជននេះហើយ ដែលស្ថិតនៅក្នុងចំណោមប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិក រហូតសម្រេចបានទាំងស្រុងនូវសន្តិភាពពេញលេញជូនជាតិ និងប្រជាជនកម្ពុជា។

៣. ការជ្រើសរើសមេបញ្ជាការថ្មី ដើម្បីបន្តដឹកនាំ និងកសាងអង្គភាពក្នុងរយៈកាលមួយទៅមុខទៀត មុននឹងមានការរៀបចំឱ្យមានការបន្តវេនបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់ គឺជាកិច្ចការសំខាន់ណាស់ ព្រោះអង្គភាពនីមួយៗនឹងមានអត្ថិភាពនៅបន្តរហូត ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។ ដូច្នេះពីមួយដំណាក់កាលទៅមួយដំណាក់កាល យើងត្រូវរួមគ្នា ធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាពនៃការងារ ដោយរក្សាបាននូវសមិទ្ធិផលដែលមេបញ្ជាការ និងថ្នាក់ដឹកនាំមុនបានកសាងកន្លងមក ហើយត្រូវកសាងបន្ថែមបន្ត ដើម្បីរៀបចំជាមូលដ្ឋានទុកឱ្យនាយទាហានបន្តវេនក្រោយៗ។ អ្វីដែលសំខាន់ គឺការកសាងពង្រឹងអង្គភាពទាំងផ្នែករឹង រួមមានហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបំពាក់ និងផ្នែកទន់ រួមមានមូលធនមនុស្ស និងប្រព័ន្ធការងារ។

៤. ការតែងតាំងមុខតំណែងថ្មី ដែលបានធ្វើឡើងនេះ គឺជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃ ក៏ដូចជាការពិគ្រោះយោបល់យ៉ាងល្អិតល្អន់របស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ តាមឋានានុក្រមច្បាស់លាស់ ស្របនឹងគោលការណ៍ជាធរមាន ធ្វើយ៉ាងណាឱ្យការជ្រើសរើសនេះប្រកបដោយតម្លាភាព។ បេក្ខភាពមានច្រើន ហើយសុទ្ធតែមានគុណសម្បត្តិទាំងអស់ ដូច្នេះការជ្រើសរើសត្រូវឈរលើមូលដ្ឋានរួមផ្សំជាច្រើន ដូចជាឆន្ទៈ សមត្ថភាព លក្ខណៈសម្បត្តិជាអ្នកដឹកនាំ ភាពទទួលខុសត្រូវ អតីតភាពការងារនៅក្នុងអង្គភាពផ្ទាល់ ចំណេះដឹង បទពិសោធន៍ សីលធម៌ សុខភាព ភាពតស៊ូអំណត់ព្យាយាម ក៏ដូចជាលទ្ធភាពនៃការជំរុញនិរន្តរភាពការងារក្នុងអង្គភាព។

៥. ការជ្រើសរើសថ្នាក់បញ្ជាការដឹកនាំអង្គភាព បានត្រឹមត្រូវ គឺជាកត្តាធានាបាននូវសាមគ្គីភាព, ឯកភាពផ្ទៃក្នុង និងប្រសិទ្ធភាពការងារបានល្អ ដោយហេតុថា ថ្នាក់ដឹកនាំ គឺជាមជ្ឈមណ្ឌលនៃការសាមគ្គី ឯកភាពផ្ទៃក្នុង និងបំផុសចលនារួម។ ថ្នាក់ដឹកនាំ ដែលទទួលបានភារកិច្ចថ្មី ត្រូវយល់ឱ្យបានច្បាស់អំពីទំហំ និងកម្រិតនៃតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ខ្លួន ហើយត្រូវប្រគល់ និងបែងចែកភារកិច្ចជូនថ្នាក់ក្រោមឱ្យបានច្បាស់លាស់។ ដោយឡែក ក៏ត្រូវខិតខំបំពេញការងារឱ្យបានទ្វេរដង ដោយត្រូវមានគំនិតផ្តួចផ្តើម ចេះគិតគូរច្នៃប្រឌិតថ្មីៗ ដើម្បីសម្រេចភារកិច្ច នៅក្នុងដែនកម្រិតសមស្របណាមួយ បន្ថែមលើអ្វីដែលមាននៅក្នុងបទបញ្ជា ឬផែនការ ដើម្បីឱ្យការអនុវត្តបទបញ្ជា ឬផែនការ អាចសម្រេចបានតាមគោលដៅ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយពេលខ្លះ ក៏អាចមានលទ្ធផលល្អលើសពីការរំពឹងទុកក្នុងផែនការផងដែរ។

៦. ភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធ គឺស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពារប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់។ ក្នុងស្មារតីនេះ ដោយឈរលើសុឆន្ទៈ និងមនសិការស្នេហាជាតិមាតុភូមិរបស់កងកម្លាំងប្រដាប់អាវុធជាតិយើង សូមគ្រប់បណ្តាកងឯកភាពបន្តសកម្មភាព បង្កើតស្នាដៃ និងគុណសម្បត្តិបន្ថែមទៀត ដើម្បីបន្តរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជូនប្រទេសជាតិ និងប្រជាជនរបស់យើង៕ ដោយ៖ កន ចំណាន