អាជ្ញាធរខេត្តព្រះសីហនុ នាំយកអំណោយកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋ ក្រីក្រ ១,២២៦គ្រួសារ

វិទ្យុជាតិកម្ពុជា វ៉ែន សុវុទ្ធី ០៧ ០៩ ២០

MC:  អាជ្ញាធរខេត្តព្រះសីហនុ បាននាំយកអំណោយកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១,២២៦គ្រួសារ មកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កំពុងជួបការខ្វះខាត។

     ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយសប្បុរសធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ក្នុងក្រុងព្រះសីហនុ ចំនួន១,២២៦គ្រួសារ ។

ឯកឧត្ដម គួច ចំរើន បានធ្វើការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ នេះ និងបានកោតសរសើរ ដល់មន្ទីរផែនការ ដែលបានចុះធ្វើជំរឿនគ្រួសារប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព ។ ម្យ៉ាងទៀតអំណោយជាស្បៀង គ្រឿងឧបភោគបរិភោគ និងថវិកា ដែលយកមកចែកជូននាឱកាសនេះ ជាការចូលរួមពីអាជ្ញាធរមូលដ្ឋាន ។  ឯកឧត្តម បានបញ្ជាក់ថា នេះជាលើកទី៤ ហើយដែលសាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្មាការនយោបាយឡើយ។ ឯកឧត្តម បានបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្វែងយល់និងធ្វើការណែនាំផ្សព្វផ្សាយ ទូលំទូលាយ និងដាក់ចេញនូវគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ចែកជូនគ្រួសារក្រីក្រចាប់ពីខែមិថុនានិងកក្កដា និងបន្តចែក២ខែបន្តទៀត គឺខែសីហា និងកញ្ញា ។ ឯកឧត្តម ក៍បានអំពាវនាវដល់គ្រួសារក្រីក្រ ដែលមិនទាន់បានទទួលបានបណ្ណក្រីក្រ សូមអញ្ជើញទៅកាន់ឃុំ សង្កាត់ ដើម្បីឱ្យមន្ត្រី នៃមន្ទីរផែនការចុះពិនិត្យ និងសម្ភាសន៍ដើម្បីទទួលបាន     ប័ណ្ណក្រីក្រនេះ ក្នុងខណៈពេលដែលកម្ពុជារងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ។

លោក អី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ១,២២៦គ្រួសារនោះ មាននៅក្នុងសង្កាត់លេខ១ ចំនួន២៨៣នាក់ សង្កាត់លេខ២ចំនួន១៤២នាក់ សង្កាត់លេខ៣ ចំនួន៣៨៦នាក់ សង្កាត់លេខ៤ ចំនួន៤១៥នាក់។ អំណោយចែកជូននោះ ក្នុងមួយគ្រួសារទទួលបានឃីតមួយកញ្ចប់ (ភួយ១ មុង១ ក្រមា១ សារុង១) អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា៥០,០០០រៀល៕