អាជ្ញាធររាជធានីភ្នំពេញបើកការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែនៅខណ្ឌឫស្សីកែវ ចាប់ពីផ្លូវ១០០៣ ដល់មហាវិថីឈ្នះឈ្នះ

វិទ្យុជាតិកម្ពុជា ៖​ដោយ​ លោក​ ហុក​ សុខរិន​ ៖


MC. អាជ្ញាធររាជធានីភ្នំពេញបើកការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែនៅខណ្ឌឫស្សីកែវ ចាប់ពីផ្លូវ១០០៣ ដល់មហាវិថីឈ្នះឈ្នះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែមានទទឹង៣០ម៉ែត្រដែលមានជាង៥គីឡូម៉ែត្រ ចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ ស្របប្រឡាយមេខាងជើង
រាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវបាន ពិធីបើកការដ្ឋានស្ថាបនា នាព្រឹកថ្ងៃទី០៧ កញ្ញាឆ្នាំ ២០២០នេះ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹង
ថា មហាវិថីថ្មីនេះ រត់ត្រង់ជួរ ភ្ជាប់មកមហាវិថី អង្គរ ឆ្ពោះមករង្វង់មូលកាំកូ ។ ជាប្រភេទ ផ្លូវភ្លោះ មាន
ប្រវែង ៥៨៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជាផ្លូវបេតុងអារមេកម្រាស់ ២០សង់ទីម៉ែត្រ ។ក្នុងនោះ ផ្លូវសងខាង ១២ម៉ែត្រ សួនកណ្តាល ២ម៉ែត្រនិងចិញ្ចើមផ្លូវសងខាង ២ម៉ែត្រ ផ្លូវទ្វេទិស មាន ៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក។
លោកបានបញ្ជាក់ផងដែរថា នៅកណ្តាលសួនច្បារនៃមហាវិថីនេះ ក៏មានតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា២ ដាំដើមជ្រៃដើម្បីជារបាំងពន្លឺចាំងភ្នែក និងលំអ និងដាំស្មៅ ជាមួយនឹងការរៀបការូឡា និងរៀបខឿនចិញ្ចើមផ្លូវសងខាង និងដាំដើមឈើ តម្លើងភ្លើងស្តុបចរាចរចំនួន ៤កន្លែង លាបគំនូសចរាចរ និងតម្លើងស្លាកសញ្ញាចរាចរ ផងដែរ។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនបានធ្វើអោយប្រទេសជាតិ មានសន្តិភាពពេញលេញ មានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិអោយរីកចំរើនយ៉ាងឆាប់រហ័ស ។ ជាក់ស្តែងកំណាត់ផ្លូវដែលយើងបានស្ថាបនាឡើងជាផ្លូវថ្មី ដែលមានប្រវែងរហូតជាង៥គីឡូម៉ែត្រនិងមានទទឹង៣០ម៉ែត្រ អាចកាត់បន្ថយការកកស្ទះចរាចរនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។
ឯកឧត្តមឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កំណាត់ផ្លូវនេះ ស្ថាបនាដោយក្រុមហ៊ុនឯកជន តែស្ថិត ក្រោមការត្រួតពិនិត្យបច្ចេកទេសពីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។ឯកឧត្តមក៏បានស្នើសុំអោយប្រជាពលរដ្ឋចូលរួមសហការនិងយោគយល់ចំពោះផលប៉ះពាល់និងការរំខានពីការដ្ឋាននេះ។