រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃ៦ ខែកញ្ញា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ៣៥នាក់ និងរបួស ១២៥នាក់

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៧ កញ្ញា ២០២០

MC៖ មនុស្សចំនួន៣៥នាក់ស្លាប់ និងចំនួន១២៥នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃ៦ ខែកញ្ញា ឆ្នាំ២០២០ ភាគច្រើននៃគ្រោះថ្នាក់ទាំងនេះ កើតឡើងដោយសារបើកបរលើសល្បឿនកំណត់ និងមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃ៦ ខែកញ្ញា នៅទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៧៦លើកបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន៣៥នាក់ និងរបួសចំនួន១២៥នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៧០នាក់ និងរបួសស្រាលចំនួន៥៥នាក់ ។
របាយការណ៍បានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺបណ្ដាលមកពីបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ បត់មិនប្រយ័ត្ន ប្រជែង កត្តាយានយន្ត និងស្រវឹងជាដើម ។
ជុំវិញបញ្ហានេះ សមត្ថកិច្ចនគរបាល នៅបន្តក្រើនរំលឹកប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយត្រូវបើកបរប្រកាន់ស្តាំ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពពេលបើកបររថយន្តពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ច្រាស់ទិសចរាចរណ៍កុំបើកបរក្នុងស្ថានភាពស្រវឹងដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕