ប្រតិភូក្រុមតាលីបង់បានទៅដល់ទីក្រុងដូហា  ដើម្បីចាប់ផ្តើមកិច្ចចរចាផ្ទៃក្នុងអាហ្វហ្គានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០​ —  អ្នកនាំពាក្យរបស់ក្រុមតាលីបង់ លោក Suhail Shaheen បានប្រាប់សារព័ត៌មាន​ 1TV ថា អនុប្រធាននយោបាយរបស់ក្រុមតាលីបង់ លោក  Mullah Abdul Ghani Baradar និងអ្នកតំណាងផ្សេងៗទៀតនៃក្រុមចរចារបស់ក្រុមនេះបានទៅដល់ទីក្រុងដូហារបស់ប្រទេសកាតាហើយ ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចចរចាផ្ទៃក្នុងអាហ្វហ្គានីស្ថាន។

យោងតាមអ្នកនាំពាក្យរូបនេះបានឱ្យដឹងថា កាលពីល្ងាចថ្ងៃសៅរ៍ ក្រុមចរចារបស់ក្រុមតាលីបង់ និង រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានព្រមព្រៀងគ្នាទៅលើកាលបរិច្ឆេទនៃការចាប់ផ្តើមនៃកិច្ចចរចាសន្តិភាពផ្ទៃក្នុងអាហ្វហ្គានីស្ថាន។

ជាមួយគ្នានេះដែរ សារព័ត៌មាន TOLOnews បានរាយការណ៍ដោយដកស្រង់ប្រភពរបស់ខ្លួនថា គណៈប្រតិភូរបស់កាប៊ុលដែលត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុងដូហា នៅដើមសប្តាហ៍នេះជាមួយអ្នកទោសតាលីបង់ជាច្រើននាក់ដែលនៅតែស្ថិតក្នុងការឃុំឃាំងរបស់រដ្ឋាភិបាល បានមកដល់រដ្ឋធានីនៃប្រទេសកាតាហើយកាលពីល្ងាចថ្ងៃសៅរ៍។

កាលពីដើមសប្តាហ៍មុន រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានដោះលែងអ្នកទោសតាលីបង់ទាំងអស់ លើកលែងតែ ៧នាក់ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់ពលរដ្ឋបរទេស។

ការផ្លាស់ប្តូរទណ្ឌិតរវាងក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន អាចធ្វើទៅបានបន្ទាប់ពីចលនានេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយសហរដ្ឋអាមេរិកកាលពីចុងខែកុម្ភៈ។ ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani បាននិយាយថា លោកមិនបានត្រៀមខ្លួនដើម្បីដោះលែងអ្នកទោសតាលីបង់ចំនួន ៥.០០០នាក់នោះទេ ប៉ុន្តែក្រោយមកលោកបានយល់ព្រមចំពោះតម្រូវការនេះ បន្ទាប់ពីក្រុមតាលីបង់បានបញ្ចេញរលកនៃអំពើហិង្សាដែលផ្តោតគោលដៅទៅលើទាហាន និងយោធា៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)