ទីក្រុងមូស្គូគ្រោងនឹងចាក់វ៉ាក់សាំងការពារមេរោគកូរ៉ូណាវីរុស ក្នុងទ្រង់ទ្រាយធំនៅចុងឆ្នាំនេះ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០​ — លោក Sergei Sobyanin អភិបាលទីក្រុងមូស្គូបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយទូរទស្សន៍ One ថា ទីក្រុងមូស្គូគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណាវីរុសក្នុងទ្រង់ទ្រាយធំនៅចុងឆ្នាំនេះ។

អភិបាលក្រុងរូបនេះបានចង្អុលបង្ហាញថា «យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនេះទំនងជានឹងធ្វើឡើងនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ»។ លោកបាននិយាយបន្ថែមថា ការសាកល្បងក្រោយការចុះឈ្មោះនៃវ៉ាក់សាំងការពារមេរោគឆ្លងកូរ៉ូណាវីរុសរបស់ប្រទេសរុស្ស៊ីនេះគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ដែលនឹងមានរយៈពេលពី ២ខែ ទៅ៦ខែ។ ផលិតកម្មវ៉ាក់សាំងនេះនឹងចាប់ផ្តើមនៅខែធ្នូ ឆ្នាំ ២០២០។ ជាដំបូង មនុស្សនៅក្នុងក្រុមហានិភ័យនឹងត្រូវទទួលវ៉ាក់សាំងបង្ការនេះ ដែលរួមមានបុគ្គលិកពេទ្យ គ្រូបង្រៀន មន្ត្រីអនុវត្តច្បាប់ អ្នកដែលធ្វើការខាងផ្នែកពាណិជ្ជកម្ម និងប្រហែលជាមានអ្នកសារព័ត៌មានផងដែរ។

លោកអភិបាលក្រុងបានកត់សម្គាល់ថា «យើងត្រូវតែចាំជានិច្ចថា គ្រោះថ្នាក់នៅតែមាន។ នៅពេលដែលយើងចូលដល់រដូវស្លឹកឈើជ្រុះ និងរដូវរងា វានឹងមានបញ្ហា។ ទោះជាយ៉ាងណា ខ្ញុំគិតថា វានឹងមានភាពងាយស្រួលជាងរដូវផ្ការីកលើកមុន ប៉ុន្តែយើងនៅតែត្រូវត្រៀមខ្លួនសម្រាប់បញ្ហាទាំងនេះ»។

នៅមុននេះ លោក Sobyanin បាននិយាយនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ិនធើណិតជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ថា លោកបានចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណាវីរុសនេះហើយ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)