ឥណ្ឌូណេស៊ី និងអូស្ត្រាលី សហការគ្នាលើការអភិវឌ្ឍថាមពលបៃតង

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០​ — រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសមុទ្រ និងវិនិយោគរបស់ឥណ្ឌូណេស៊ីលោក Luhut Binsar Pandjaitan និងលោក Andrew Forrest ស្ថាបនិកក្រុមហ៊ុនរ៉ែដែកអូស្រ្តាលី Fortescue Metals Group (FMG) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការមួយ ស្តីពីការអភិវឌ្ឍថាមពលកកើតឡើងវិញសម្រាប់ឧស្សាហកម្មបៃតង។

យោងតាមឯកសារនេះបានឱ្យដឹងថា ភាគីទាំងពីរនឹងបង្កើតក្រុមការងាររួមមួយដើម្បីជួយសម្របសម្រួលពន្លឿន និងរៀបចំការវិនិយោគរបស់ក្រុមហ៊ុន FMG នៅក្នុងប្រទេសឥណ្ឌូណេស៊ី ក្នុងការសាងសង់រោងចក្រថាមពលវារីអគ្គិសនី 60-GW និងរោងចក្រថាមពលកំដៅក្នុងផែនដី 25-GW ។

លោករដ្ឋមន្រ្តី Luhut Binsar Pandjaitan ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Antara News ថា «ការវិនិយោគនេះ ដោយមិនរាប់បញ្ចូលនូវការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ នឹងត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារអាមេរិក។ នេះ គឺជាការវិនិយោគដ៏ធំមួយដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់ប្រទេសឥណ្ឌូណេស៊ី»។

ដោយមានសក្តានុពលនៃរ៉ែ និងថាមពលកកើតឡើងវិញ ប្រទេសឥណ្ឌូណេស៊ី និងអូស្រ្តាលី អាចសហការគ្នា និងក្លាយជាអ្នកដើរតួនាទីយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មថាមពលបៃតង និងថាមពលកកើតឡើងវិញនៅលើឆាកពិភពលោក។

កាលពីដើមឆ្នាំនេះ រដ្ឋមន្រ្តីឥណ្ឌូណេស៊ីរូបនេះបានប្រកាសអំពីផែនការរបស់មហាសេដ្ឋី Forrest ដើម្បីវិនិយោគនៅក្នុងរោងចក្រថាមពលវារីអគ្គិសនីនៅក្នុងខេត្ត Kalimantan ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)