លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសថៃ  នឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី ៥៣

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០​  — លោក Don Pramudwinai ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសថៃ នឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ៩-១២ ខែកញ្ញា តាមរយៈសន្និសីទវីដេអូ ក្រោមអធិបតីភាពរបស់ប្រទេសវៀតណាម។

ក្រសួងការបរទេសថៃបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសថៃនឹងប្រើប្រាស់  ឱកាសនេះដើម្បីគូសបញ្ជាក់អំពីផែនការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យមានភាពច្បាស់លាស់នូវមូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ និងសង្កត់ធ្ងន់ទៅលើសារសំខាន់នៃពហុភាគីនិយម និងតំបន់និយម ក្នុងការដោះស្រាយបញ្ហាប្រឈមរួមនានា។

យោងតាមក្រសួងនេះបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាស៊ានទាំង ១០រូប នឹងពិភាក្សាគ្នាអំពីវិធីដើម្បីលើកកម្ពស់ការកសាងសហគមន៍អាស៊ានដែលមានភាពស្អិតរមួត និងការទទួលខុសត្រូវស្របតាមប្រធានបទ និងអាទិភាពក្រោមការធ្វើជាប្រធានអាស៊ានរបស់វៀតណាមនៅឆ្នាំក្នុងនេះ។

ក្នុងការចូលរួមជាមួយដៃគូខាងក្រៅ រដ្ឋមន្រ្តីការបរទេសអាស៊ាននឹងបញ្ជាក់នូវសារៈសំខាន់នៃមជ្ឈិមអាស៊ាននៅក្នុងស្ថាបត្យកម្មតំបន់ ចំពេលដែលសក្ដានុពល និងបញ្ហាប្រឈមនានាក្នុងតំបន់កំពុងមានការ       វិវឌ្ឍន៍។

ក្រៅពីនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាននឹងត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាខែវិច្ឆិកាខាងមុខ។ ពួកគេក៏នឹងពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាផងដែរជាមួយដៃគូខាងក្រៅ ស្តីពីស្ថានភាពនៃជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាក្នុងតំបន់ និងអន្តរជាតិសំខាន់ៗដទៃទៀត។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ ត្រូវបានគេរំពឹងថា នឹងអនុម័តនូវសេចក្តីថ្លែងការណ៍រួមមួយក្នុងចំណោមឯកសារដែលជាលទ្ធផលផ្សេងៗទៀត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)