ក្រសួងបរិស្ថាន៖ រាជរដ្ឋាភិបាលលើកទឹកចិត្តដល់វិស័យឯកជនវិនិយោគដាំឈើលើដីព្រៃរិចរិល

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៧ ០៩ ២០២០


MC: ក្រសួងបរិស្ថាន អះអាងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងលើកទឹកចិត្ត ក៏ដូចជាកំពុងជំរុញដល់វិស័យឯកជនវិនិយោគដាំឈើលើដីព្រៃរិចរិលឱ្យបានច្រើន ដើម្បីបង្កើតភាពបៃតង និងបង្កើតប្រភពឈើ សម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព សំដៅចូលរួមក្នុងការថែរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាបង្កើនចំណូលសេដ្ឋកិច្ច។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគផ្នែកចម្ការឈើដាំ ដែលមានគុណតម្លៃអាចផ្គត់ផ្គង់វត្ថុធាតុដើមឈើសម្រាប់ឧស្សាហកម្មកែច្នៃឈើ ខណៈវិស័យសំណង់នៅកម្ពុជាកំពុងត្រូវការក្តារកុងផ្លាកេ និងក្តារទម្រផ្សេងៗ។
ថ្លែងក្នុងឱកាសដឹកនាំអ្នកសារព័ត៌មានចុះមើលការវិនិយោគដាំដើមប្រេងខ្យល់របស់ក្រុមហ៊ុន ស៊ីង បាយអូ ថេក(Think Bio-Tech) ស្ថិតក្នុងខេត្តក្រចេះ និងស្រុកសៀមបូក ក្នុងខេត្តស្ទឹងត្រែង កាលពីចុងសប្តាហ៍នេះ ឯកឧត្តមបានពន្យល់ថា ឈើដាំអាចយកទៅផលិតជាគ្រឿងសង្ហារឹម និងក្តារកុងផ្លាកេ ក៏ដូចជាប្រើប្រាស់ក្នុងវិស័យផ្សេងៗទៀត ដែលចូលរួមកាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិ។
ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា «ក្រសួងបរិស្ថានគាំទ្រលើការវិនិយោគចម្ការឈើដាំ ដើម្បីជួយកាត់បន្ថយសម្ពាធទៅលើការប្រើប្រាស់ឈើធម្មជាតិ ហើយការបង្កើតឱ្យមានឧស្សាហកម្មកែច្នៃឈើនេះ ក៏នឹងជួយបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងតំបន់ និងចូលរួមក្នុងកំណើនសេដ្ឋកិច្ចជាតិ។ ការបង្កើតចម្ការឈើដាំ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងចូលរួមពង្រឹងការអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងអាចលក់តួនាទីរបស់ព្រៃឈើ ក្នុងក្របខណ្ឌឥណទានកាបូន»។
សូមបញ្ជាក់ថា ក្រុមហ៊ុន ស៊ីង បាយអូ ថេក បានទទួលសិទ្ធិប្រើប្រាស់ដីព្រៃរបស់រដ្ឋ សម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ និងក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ នៅលើផ្ទៃដីសរុបជាង៣៤.០០០ហិកតា ស្ថិតនៅក្នុងខេត្តក្រចេះ និងស្រុកសៀមបូក ក្នុងខេត្តស្ទឹងត្រែង។ ក្រុមហ៊ុននេះ ទទួលបានការអនុញ្ញាតលើការឈូសឆាយផ្ទៃដីព្រៃរិចរិលស្ថិតក្នុងទំហំដីដែលបានទទួលសិទ្ធិប្រើប្រាស់ សម្រាប់ធ្វើចម្ការឈើដាំបម្រើក្នុងវិស័យឧស្សាហកម្ម។
បើតាមការឱ្យដឹងពីលោក សាន់ សុខហៀង តំណាងក្រុមហ៊ុនវិនិយោគនេះ បានបញ្ជាក់ថា ក្នុងរយៈពេល៤ឆ្នាំ គិតចាប់ពី២០២០ ដល់ឆ្នាំ២០២៤ ក្រុមហ៊ុនមានផែនការដាំដើមប្រេងខ្យល់ជាង៣០លានដើម ខណៈបច្ចុប្បន្នកំពុងដាំបានប្រមាណជិត១០លានដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើ ក្នុងវិស័យឧស្សាហកម្មកែច្នៃឈើ ដែលកម្ពុជាកំពុងត្រូវការខ្លាំង ជាពិសេសនៅក្នុងវិស័យសំណង់ប្រើប្រាស់ក្តារកុងផ្លាកេ ក្តារពុម្ព ក្តារទម្រ ជាដើម។ លោកបន្តថា ការវិនិយោគនេះ បានបង្កើតការងារដល់ប្រជាពលរដ្ឋជាច្រើននាក់ បង្កើតការងារនៅមូលដ្ឋាន ផ្តល់ប្រាក់ចំណូល និងបង្កើនជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមរយៈឱ្យពួកគាត់សហការដាំកូនឈើជាលក្ខណៈដៃគូ និងស៊ីឈ្នួលដាំកូនឈើឱ្យក្រុមហ៊ុន។ ជាមួយគ្នានេះ ក៏ជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងសហគមន៍ផងដែរ។
អ្នកស្រី ជួន ទីម ស្ថិតក្នុងអាយុ៥៥ឆ្នាំ រស់នៅភូមិអាចេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានឱ្យដឹងថា ប្រជាជនដែលចូលទៅស៊ីឈ្នួលដាំកូនប្រេងខ្យល់ឱ្យក្រុមហ៊ុននេះ អាចរកប្រាក់ចំណូលប្រចាំថ្ងៃ បានចន្លោះពី៥ម៉ឺន ទៅ៨ម៉ឺនរៀល។ អ្នកស្រី ថា ការដាំកូនដើមប្រេងខ្យល់មួយដើម បានថ្លៃចំនួន១០០រៀល ដោយក្នុងមួយថ្ងៃ អាចដាំបានពី៥០០ដើមឡើងទៅ៕