អាជ្ញាធរខេត្តស្វាយរៀងជំរុញឱ្យប្រជាកសិករអនុវត្តការងារបង្កបង្កើនផលស្រូវវស្សាតាមបច្ចេកទេសថ្មីធន់នឹងអាកាសធាតុ

វិទ្យុជាតិកម្ពុជា៖ស្រីផល 07,09,2020


MC៖ អាជ្ញាធរខេត្តស្វាយរៀង ជំរុញឱ្យប្រជាកសិករអនុវត្តការងារបង្កបង្កើនផលស្រូវវស្សា តាមបច្ចេកទេសថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីទទួលបានទិន្នផលខ្ពស់ និងចំណេញពេលវេលា។
លោក សុខ សុទ្ធាវុធ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា មន្ទីរកសិកម្មនិងមន្រី្តជំនាញពាក់ព័ន្ធ បានបន្តជំរុញ ចុះណែនាំ ព្រមទាំងផ្តល់បច្ចេកទេសកសិកម្ម ពីរបៀបការពារផលដំណាំពីសត្វល្អិតចង្រៃ និងកត្តាយាយីផ្សេងៗ ។
លោកបន្តថា មន្ត្រីជំនាញបានលើកទឹកចិត្តឱ្យកសិករ អនុវត្តកម្មវិធីផ្សព្វផ្សាយពីបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា អាស្ប៉ាយ ដើម្បីទទួលបានទិន្នផលខ្ពស់ និងចំណេញពេលវេលា។ ការអនុវត្តកម្មវិធី អាស្ប៉ាយនេះ បានជួយឱ្យកសិករ កាន់តែមានការយល់ដឹងពីបច្ចេកទេសថ្មីៗបន្ថែមទៀត ព្រមទាំងមានភាពងាយស្រួលក្នុងការជ្រើសរើសពូជស្រូវ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ យកទៅដាំដុះ ដើម្បីទទួលបានទិន្នផលខ្ពស់ និងងាយស្រួលលក់នៅលើទីផ្សារ។
សំឡេង៖ «យើងមានកម្មវិធីអាស្ប៉ាយ ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាល ដោយប្រើថវិកាកម្មវិធីយើងបានធ្វើការងារហ្នឹងជាមួយកសិករ នៅគ្រប់ឃុំគោលដៅទាំងអស់ លើកលែងតែក្រុងបាវិតនិងក្រុងស្វាយរៀងទេ ប៉ុន្តែនៅក្នុងសង្កាត់ហ្នឹងមានមន្ត្រីខាងកសិកម្មស្រុក ដោយបានសហការគ្នាជាមួយខាងមន្ទីរ បរិស្ថានហើយ ក៏មានភ្នាក់ងារមានតួនាទីផ្សព្វផ្សាយទៅលើការងារហ្នឹងដែរ។ រៀងរាល់ការប្រជុំប្រចាំខែ បានចុះផ្ទាល់ និងអនុវត្តផ្ទាល់ បានជំរុញកសិករចុះមើលការបង្ហាញរបស់គាត់ មិនមានពេលទំនេរទេចំពោះការងារកសិកម្មនេះ ចុះដល់មូលដ្ឋាន និងណែនាំគាត់ផ្ទាល់»។
លោកអនុប្រធានមន្ទីរ ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ត្រូវអនុវត្តការងារកសិកម្មឱ្យបានល្អ ទៅតាមបច្ចេកទេសថ្មីដែលធន់នឹងបម្រែបម្រួលអាកាសធាតុ ដើម្បីទទួលបានទិន្នផលខ្ពស់ ជាពិសេសត្រូវឧស្សាហ៍ចុះមើលស្រែចម្ការ ដើម្បីបង្ការការពារពីការបំផ្លាញពីសត្វល្អិតផ្សេងៗ និងត្រូវប្រញាប់រាយការណ៍ទៅមន្ត្រីជំនាញកសិកម្ម ដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា។
សូមបញ្ជាក់ថា បច្ចុប្បន្នការងារបង្កបង្កើនស្រូវរដូវវស្សា របស់ប្រជាកសិករ ក្នុងខេត្តស្វាយរៀង មានទំហំផ្ទៃដីជាង១០ម៉ឺនហិកតា ក្នុងនោះស្រូវធ្ងន់ជាង៥ពាន់ហិកតា៕