តំបន់ទេសចរណ៍៦កន្លែងនៅខេត្តស្ទឹងត្រែងនៅតែទាក់ទាញភ្ញៀវឲ្យទៅលេងមិនចេះដាច់

វិទ្យុជាតិកម្ពុជា៖ ហាន់ ស្រីណា ០៧.០៩.២០


MC: តំបន់ទេសចរណ៍ចំនួន៦កន្លែងនៅខេត្តស្ទឹងត្រែង នៅតែទទួលបានការទាក់ទាញភ្ញៀវឲ្យទៅលេងមិនចេះដាច់ ដោយសារតែខេត្តមួយនេះ សម្បូរទៅដោយធនធានធម្មជាតិ មានទេសភាពស្អាតៗសម្រាប់ បំរើដល់វិស័យទេសចរណ៍។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៏……………….
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីទេសចរណ៍ខេត្តស្ទឹងត្រែង បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ខេត្តស្ទឹងត្រែងនេះ មានទន្លេរចំនួន៤ បានហូរកាត់ រួមមាន៖ ទន្លេមេគង្គ ទន្លេសេសាន្ត ទន្លេសេកុង និងទន្លេស្រែពក ។ លោក បានបញ្ជាក់ថា ដោយសារមានអំណោយផលពីធម្មជាតិផងនេះ ទើបខេត្តនៃភូមិភាគឦសានមួយនេះ សំបូរទៅដោយរមណីយដ្ឋានធម្មជាតិ ដ៏ស្រស់បំព្រង ដែលកើតចេញពីព្រៃលិចទឹកខៀវស្រងាត់ មានផ្ទាំងថ្មតូចធំជាច្រើន នៅតាមទន្លេនិងបឹងបួរ ទើបធ្វើឲ្យខេត្តនេះ សំបូរកន្លែងកម្សាន្ត លំហែរកាយ និងមានការទាក់ទាញភ្ញៀវទេសចរឲ្យមកលេង មិនចេះដាច់ ពិសេសថ្ងៃឈប់សម្រាកពីការងារ ។
លោកបន្តថាបច្ចុប្បន្ននេះ ខេត្តស្ទឹងត្រែងមានតំបន់ទេសចរណ៍ចំនួន៦កន្លែង ដែលកំពុងស្រូបយក អ្នកទេសចរជាតិនិងអន្តរជាតិ ឲ្យមកលេងជាហូរហែរ ។ តំបន់ទេសចរណ៍ ទាំងនោះរួមមាន៖ ទី១.តំបន់ទេសចរណ៍អន្លង់ផ្សោតឈើទាល ទី២. តំបន់ព្រៃលិចទឹករ៉ាមសារទី៣. តំបន់ឧទ្យានជាតិវីរៈជ័យ ទី៤.តំបន់ទេចរណ៏ណ៍បូរីអូរស្វាយ ទី៥. តំបន់ទេចរណ៍អូរឫស្សីកណ្តាល និងទី៦. តំបន់ទេសចរណ៍រមណីយដ្ឋានចំការក្រូចដែលទៅដល់តំបន់នោះភ្ញៀវទេសចរអាចជិះទូកមើល ត្រីផ្សោតដ៏កម្របង្ហាញខ្លួនឡើងលើផ្ទៃទឹកទន្លេមេគង្គដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរទស្សនា ក៏ដូចជាជិះទូក មើលសត្វស្លាប មើលព្រៃលិចទឹកនិង ងូតទឹកលេងកម្សាន្ត ក្រោមម្លប់ឈើធំៗរាប់សិបពាន់ដើម អមដោយឆ្នេរខ្សាច់សក្បុះនិងអាចបោះតង់សម្រាកដោយសុខសាន្តថែមទៀតផង។
សំឡេង៖{តំបន់ទេសចរណ៍សំខាន់ៗមានចំនួន៦កន្លែងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបែបធម្មជាតិគឺអន្លង់ផ្សោតឈើទាលដែលស្ថិតនៅឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យនេះគឺនៅព្រំប្រទល់ឡាវកម្ពុជាតែម្ដងគឺជារមណីយដ្ឋានទេសចរណ៍មួយដ៏ទាក់ទាញដោយសារតែផលិតផលទេសចរណ៍នៅទីនោះមានផ្សោតមានទឹកធ្លាក់សុភមិត្រផ្សារភ្ជាប់តំបន់រ៉ាមសារហើយជាពិសេសតំបន់ព្រំដែនតែម្ដងដែលយើងអាចមើលឃើញទេសភាពនៅតំបន់ព្រំដែននិងមានភ្នំមួយចំនួនទៀតនេះគឺជាតំបន់ដែលមានសក្តានុពលខ្លាំងទាក់ទាញ។រហូតដល់បច្ចុប្បន្នកំពុងតែជួបវិបត្តិកូវីដ ១៩ ជាលក្ខណៈសកលតែភ្ញៀវទេសចរនៅតែចូលមកទស្សនាជាបន្តបន្ទាប់ដែរនៅពេលបច្ចុប្បន្ននេះ}។
លោក អ៊ន់ ប៉ោសឿន ក៏បានអំពាវនាវ ដល់ដៃគូវិនិយោគ ទាំងក្នុងនិងក្រៅប្រទេស ចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង អោយបានកាន់តែច្រើនបន្ថែមទៀត ដូចជាសេវាកម្មដឹកជញ្ជូន ទូកទេសចរណ៍ តាមដងទន្លេមេគង្គ និងទន្លេរសេសាន្ត ដើម្បីឲ្យភ្ញៀវទេសចរ មានកន្លែងកម្សាន្តកាន់តែសម្បូរបែប៕