ជនជាតិចិនកាន់តែច្រើនឡើងជ្រើសរើសបន្តការសិក្សានៅប្រទេសកម្ពុជា បង្កើនការផ្លាស់ប្តូរវប្បធម៌កាន់តែជិតស្និទ្ធរវាងប្រជាជនកម្ពុជាចិន

វិទ្យុជាតិFM96  ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០

ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្ម និងការផ្លាស់ប្តូរកាន់តែជិតស្និទ្ធរវាងប្រទេសចិននិងកម្ពុជា វិស័យអប់រំនៅកម្ពុជាក៏បានអភិវឌ្ឍន៍កាន់តែល្អប្រសើរឡើងជាលំដាប់ តួយ៉ាងប៉ុន្មានឆ្នាំនេះ គេសង្កេតឃើញមានជនជាតិចិនកាន់តែច្រើនជ្រើសរើស បន្តការសិក្សានៅប្រទេសកម្ពុជា មានចាប់ពី ថ្នាក់មតេយ្យ សាលាបឋម ដល់សាកលវិទ្យល័យជាដើម។ ពួកគេបន្តការសិក្សានៅប្រទេសកម្ពុជា ហើយបានទទួលចំណេះដឹង បទពិសោធន៍ជីវិត ចំណងមិត្តភាពថ្មីៗ និងអនុស្សាវរីយ៍យ៉ាងច្រើននៅកម្ពុជា។

ជាក់ស្តែង កុមារា ជនជាតិចិន ឈ្មោះ ចូវ ជូនយ៉ាង(chou choun yeang) ទើបតែបញ្ចប់ថ្នាក់សិក្សាមត្តេយ្យពីសាលាអន្តរជាតិនីរ៉ាកម្ពុជា(Nira international school) ប្អូនបាននិយាយថា “ជីវិតមត្តេយ្យសិក្សារបស់ខ្ញុំ សប្បាយរីករាយណាស់ ខ្ញុំចូលចិត្តហែលទឹក ថា្នក់រៀនកុំព្យូទ័រនៅសាលា ហើយខ្ញុំក៏ចូលចិត្តរឿងនិទានជាភាសាអង់គ្លេស ដែលនិទានដោយលោកគ្រូខ្ញុំផងដែរ។”

ជូនយ៉ាង ឆ្នាំនេះអាយុ ៦ ឆ្នាំ  បានមករស់នៅជាមួយឪពុកម្តាយរបស់គេនៅប្រទេសខ្មែរយើងតាំងពីតូច ដូច្នេះ គេបានស៊ាំនឹងការរស់នៅនៅប្រទេសកម្ពុជា  ក្នុងរយៈពេល ៤ ឆ្នាំនេះ គេបានរៀនភាសាអង់គ្លេស និងលេងយ៉ាងសប្បាយជាមួយមិត្តរួមថ្នាក់ និងរាប់អានមិត្តភក្តិមកពីប្រទេសផ្សេងៗផងដែរ។

ចំណែក កុមារីឈ្មោះ ឆិន ជីងហឺ (chen ching he) ដែលមកពីក្រុងឈុងឈីង(Chong Qing) នៃប្រទេសចិន បច្ចុប្បន្ននេះ ជីងហឺ ជាសិស្សបឋមសិក្សាថ្នាក់ទី ២ នៅសាលាអន្តរជាតិភ្នំពេញ(International School of Phnom Penh)។ នៅអាយុ ៥ ឆ្នាំគេបានមករៀននៅប្រទេសកម្ពុជា ហើយ ៣ ឆ្នាំក្រោយមក ជីងហឺ បានសម្របខ្លួនទៅនឹងការសិក្សានិងជីវិតនៅប្រទេកម្ពុជាយើងហើយ។ ប្អូនបាននិយាយថា “ខ្ញុំបានរាប់អានមិត្តភកិ្តល្អជាច្រើននៅឯសាលា ពួកគេមកពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន និងសិង្ហបុរី ជាដើម ។ យើងតែងតែចែករំលែកអាហារដែលធ្វើមកពីផ្ទះ ហើយខ្ញុំក៏បានបង្រៀនពាក្យភាសាចិនមួយចំនួន ដល់មិត្តភកិ្តខ្ញុំវិញផងដែរ ។

កញ្ញា យៀត យីរួន(yuan yi ruon) ជានិស្សិតឆ្នាំទី ៤ រៀនមុខជំនាញភាសាខ្មែរនៅសកលវិទ្យាល័យជនជាតិយូណាន ដែលទើបតែមកពីសិក្សានៅកម្ពុជា។ បច្ចុប្បន្ននេះ កញ្ញានិយាយភាសាខ្មែរកាន់តែច្បាស់ និងល្អជាងមុន ។ កញ្ញាបានលើកឡើងថា  ការរៀនសូត្រនិងការរស់នៅក្នុងបរិបទប្រើប្រាស់ភាសាខ្មែរ ធ្វើឲ្យសមត្ថភាពការទំនាក់ទំនងដោយប្រើប្រាស់ភាសាខ្មែររបស់នាងមានភាពកាន់តែប្រសើរយ៉ាងឆាប់រហ័ស។

នៅខែ សីហា ឆ្នាំ ២០១៩ កញ្ញា និងមិត្តរួមថ្នាក់បានទៅប្រទេសកម្ពុជា ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាមានការចាប់អារម្មណ៍ជាខ្លាំងចំពោះវិធីសាស្ត្របង្រៀន និងកាលវិភាគបង្រៀនរបស់គ្រូនៅកម្ពុជា។ កញ្ញាបន្តទៀតថា “សាកលវិទ្យាល័យភាគច្រើននៅកម្ពុជាអនុវត្តប្រព័ន្ធបង្រៀនកន្លះថ្ងៃ ដូច្នេះ យើងមានពេលវេលាគ្រប់គ្រាន់ដើម្បីចូលរួមក្នុងការអនុវត្តក្នុងសង្គម។”

ចាប់ពីឆ្នាំ ២០០៨ មក សាកលវិទ្យាល័យជនជាតិយូណានចាប់ផ្តើមបង្កើតកិច្ចសហប្រតិបតិ្តការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញតាមគម្រោងបង្រៀន“៣+១” (គឺនិស្សិតចិនសិក្សានៅប្រទេសចិនរយៈពេល ៣ ឆ្នាំ និងសិក្សានៅប្រទេសកម្ពុជារយៈពេល ១ ឆ្នាំ ) និងនិស្សិតមុខជំនាញភាសាខ្មែរជំនាន់ទី ១ នៃសាកលវិទ្យាល័យជនជាតិយូណានបានទៅប្រទេសកម្ពុជាដើម្បីបន្តការសិក្សា។ កញ្ញា យល់ឃើញថា គម្រាងបង្រៀនបែបនេះមិនត្រឹមតែអាចលើកកម្ពស់គុណភាពសិក្សា និងរៀនភាសានៅ“តំបន់ដើម”ប៉ុណ្ណោះទេ ថែមទាំងអាចឱ្យនិស្សិតមានឱកាសកាន់តែច្រើនអាចទទួលបទពិសោធន៍ក្នុងសង្គមនៅឯបរទេស ព្រមទាំងបានត្រៀមរៀបចំនិងបញ្ចប់និក្ខេបបទបញ្ចប់ការសិក្សាជាមុនផងដែរ។

កញ្ញា យ៉ាន់ ហាង ដែលមកពីខេត្តយូណាននៃប្រទេសចិន ជានិស្សិតជំនាញភាសាខ្មែរនៃសកលវិទ្យាល័យគរុកោសល្យយូណាន ក៏បានជ្រើសរើសបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រោយការណែនាំពីគ្រូបង្រៀនវប្បធម៌ខ្មែរ កញ្ញាចាប់ផ្តើមមានចិត្តស្រឡាញ់វប្បធម៌ខ្មែរយ៉ាងខ្លាំង។

នៅខែ កញ្ញា ឆ្នាំ ២០១៩ នៅពេលមកដល់ប្រទេសកម្ពុជាដំបូង ចំពេលពិធីបុណ្យភ្ជុំបិណ្ឌ។ កញ្ញា យ៉ាន់ ហាង និងមិត្តរួមថ្នាក់នៅប្រទេសកម្ពុជា ក៏បានទៅទស្សនានៅវត្តអារ៉ាម ដើម្បីទទួលអារម្មណ៌ក្នុងបរិយាកាសបុណ្យប្រពៃណីភ្ជុំបិណ្ឌខ្មែរ និងស្វែងយល់វប្បធម៌ប្រពៃណីប្រទេសកម្ពុជា។ នាងបានលើកឡើងថា គ្រូបង្រៀនកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្រៀនជាក់ស្តែង ហើយតែងតែរៀបចំកម្មវិធី ដូចជា ទស្សនាប្រាសាទវត្តអារ៉ាម ដែលស្ថិតនៅទីក្រុងភ្នំពេញនិងខេត្ត ជំរុញឱ្យនិស្សិតស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌ប្រទេសកម្ពុជាកាន់តែជ្រាលជ្រៅ។

លោក លី ឆាវ(li chao) ជានាយករងផ្នែកវិនិយោគពាណិជ្ជកម្មនៃក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណលអ៊ែរផត អ៊ិនវេសមិន(ខេមបូឌា)  ដែលបានធ្វើការនៅប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ លោកបានមានប្រសាសន៍ថា សាកលវិទ្យាល័យរដ្ឋនៅប្រទេសកម្ពុជា មានគ្រូបង្រៀនដែលមានសមត្ថភាពខ្ពស់ និងមានកម្មវិធីសិក្សាយ៉ាងសម្បូរបែប។

បច្ចុប្បន្ន លោកក៏ជានិស្សិតថ្នាក់អនុបណ្ឌិតមុខជំនាញសេដ្ឋកិច្ចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបន្ថែមទៀតថា បើប្រៀបធៀបកាលពី ១០ ឆ្នាំមុន ពេលនេះសាកលវិទ្យាល័យនៃប្រទេសកម្ពុជាមានមុខជំនាញកាន់តែច្រើន គ្រូបង្រៀនល្អៗ និងកម្រិតនៃការបង្រៀនត្រូវបានកែលម្អគួរឱ្យកត់សម្គាល់ ហើយវិធីសាស្ត្របង្រៀនក៏ប្រសើរឡើងជាបន្តបន្ទាប់។

នៅពេលសិក្សាជាមួយនិស្សិតខ្មែរ លោកបានចាប់អារម្មណ៍ថា  និស្សិតជាច្រើនបានស្គាល់ច្បាស់ពីការអភិវឌ្ឍ និងគោលនយោបាយ“ខ្សែក្រវាត់មួយ និងផ្លូវមួយ” និង“សហគមន៍រួមវាសនាមនុស្សជាតិ”ជាទូទៅ លោកក៏តែងតែពិភាក្សាអំពីការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ជាមួយគ្រូបង្រៀន និងមិត្តរួមថ្នាក់ ហើយចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន បទពិសោធន៍នៅក្នុងប្រទេសចិនដល់ពួលគេផងដែរ៕

https://mp.weixin.qq.com/s/eEupp-L18BMblYlcwc1IfQ