វត្តគល់ទទឹងជាវត្តដំបូងគេនៅកម្ពុជាដែលទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៦ ០៩ ២០២០

MC:  ក្រសួងបរិស្ថាន បានប្រគល់បណ្ណសរសើរមេត្រីភាព បរិស្ថានជូនដល់វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ដែល បានចូលរួមថែរក្សាអនាម័យបរិស្ថានបានល្អប្រសើរ។

    ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា    នេះជាវត្តដំបូងគេបង្អស់នៅកម្ពុជា ដែល បានចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អ។

  ថ្លែងក្នុងពិធីប្រគល់បណ្ណសរសើរមេត្រីភាព បរិស្ថានជូនដល់វត្តមួយនេះ ដែលស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីនារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថា «វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង ពិតជាមានបរិស្ថានស្អាត មានចម្រុះទៅដោយដើមឈើគ្រប់ប្រភេទ ដែលផ្តល់ជាម្លប់ត្រឈឹងត្រឈៃ សាកសមជាកន្លែងស្រស់ស្អាត និងស្ងប់ស្ងាត់សម្រាប់ការតាំងរៀនធម៌វិន័យរបស់ព្រះសង្ឃ។» ឯកឧត្តម បានបន្តថា ការចូលរួមកគាំពារនិងសម្អាតបរិស្ថាន មិនមែនជាកាតព្វកិច្ចរបស់នណាម្នាក់នោះទេ គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជា ស្អាតនិងមានបរិស្ថានល្អ និងពណ៌បៃតង ។ ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា វត្តអារាមមិនត្រឹមតែជាទីសក្តារៈបូជាប៉ុណ្ណោះទេ ប៉ុន្តែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចួលរួម និងផ្សព្វផ្សាយដល់ពុទ្ធបរិស័ទឱ្យមានការប្រតិបត្តិមេត្រីភាពបរិស្ថាន ព្រមទាំងចូលរួមអប់រំ បណ្តុះស្មារតី ប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិ និងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ សត្វព្រៃ។

   សូមបញ្ជាក់ថា ក្នុងពិធីប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានជូនដល់វត្តនិគ្រោធវ័ន ក្រសួងបរិស្ថាន បាន ប្រគេនជូនព្រះសង្ឃ នូវធុងចម្រោះទឹកស្អាតសម្រាប់បរិភោគ ១ គ្រឿង និងធុងញែកសំរាមចំនួន ២ ផងដែរ ខណៈ វត្តនិគ្រោធវ័ននេះ ក៏បានទទួលរួចមកហើយនូវឡដុតសំរាម និងរ៉ឺម៉កសម្រាប់ដឹកសំរាម។ 

   ឯកឧត្តម បានលើកទឹកចិត្តដល់ព្រះចៅអធិការ និងគណៈកម្មការគ្រប់គ្រងវត្តអារាមទូទាំងប្រទេស ចូលរួមប្រតិបត្តិមេត្រីបរិស្ថានជាពិសេសនៅអំឡុងពិធីបុណ្យកាន់ បិណ្ឌ និងភ្ជុំបិណ្ឌនេះ ខណៈពុទ្ធបរិស័ទនឹងអញ្ជើញទៅវត្តអារាមច្រើន ហើយសំរាមដែលបង្កើតឡើង ក៏ច្រើន ដែលជាការចាំបាច់ត្រូវរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងញែកតាមប្រភេទ។ 

   ភិក្ខុវជិរប្បញ្ញោ គូ សុភាព មានថេរដីកាថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ពិសេសឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ ចំពោះការផ្តល់បណ្ណមេត្រីភាពបរិស្ថាន នាពេលនេះក៏ដូចជាបានលះបង់កម្លាំងកាយចិត្តបញ្ញារួមជាមួយមន្ត្រីនៃក្រសួងបរិស្ថានក្នុងការការពារបរិស្ថាននិងអភិរក្សធនធានធម្មជាតិ ព្រៃឈើសត្វព្រៃបានល្អនាពេលបច្ចុប្បន្ន។      

   គួរកត់សម្គាល់ថា វត្តគល់ទទឹង ជានិច្ចកាលតែងបានចូលរួមចំណែកថែរក្សាអនាម័យបរិស្ថាន នៅក្នុងបរិវេណវត្តទាំងមូល ព្រមទាំងមានការចាត់ចែងគ្រប់គ្រងអនាម័យបរិស្ថានជាប្រចាំ និងមានការដាំកូនឈើ ដើម្បីជាម្លប់និងបានផ្តល់ជាខ្យល់បរិសុទ្ធសម្រាប់ពុទ្ឋបរិស័ទ្ធថែមទៀតផង៕