អភិបាលខេត្តកំពង់ចាមព្រួយបារម្ភពីការខ្វះទឹកបង្កបង្កើនផលរបស់កសិករ

វិទ្យុជាតិកម្ពុុជា

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម បានសម្ដែងការព្រួយបារម្ភពីការខ្វះទឹកស្រោចស្រពដំណាំកសិកម្ម របស់ប្រជាពលរដ្ឋ ក្នុងឆ្នាំនេះ  ដោយសារតែមកដល់ពេលនេះ ទឹកភ្លៀងនៅមានកម្រិត ចំណែកទឹកទន្លេមេគង្គក៏មានកម្រិតទាបជាងឆ្នាំមុននៅឡើយ ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូច្នេះនៅថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២០ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអូរស្វាយស្រុកកំពង់សៀម។
ឯកឧត្តម អ៊ុន ចាន់ដា
អភិបាលខេត្តកំពង់ចាម បានថ្លែងបន្តថា សូមឱ្យអាជ្ញាធរ ភូមិ ឃុំ ហើយនិងស្រុក បន្តជំរុញដល់ប្រជាពលរដ្ឋ ក្នុងការបង្កបង្កើនផល ជាពិសេស ពេលនេះគឺភ្លៀងបានធ្លាក់ហើយ ដូច្នេះសូមកុំទុកដីឱ្យនៅទំនេរ ហើយក៏ត្រូវគិតទុកជាមុន អំពីការរក្សាប្រភពទឹកផងដែរ ពីព្រោះមកដល់ ពេលនេះ ទឹកភ្លៀងនៅមានកម្រិត ហើយទឹកជំនន់មានកម្ពស់ទាបជាងឆ្នាំមុន ប្រហែលជា ៦ ម៉ែត្រ បើគិតត្រឹមថ្ងៃជាមួយគ្នាខែជាមួយគ្នានេះ បើដូច្នេះប្រជាកសិករ អាចជួបនូវវិបត្តិ ខ្វះទឹក ពិសេស គឺប្រជាពលរដ្ឋដែលរស់នៅស្របតាមដងទន្លេមេគង្គ គឺអាចប្រឈមនឹងការខ្វះទឹកដើម្បីបង្កបង្កើនផល ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរភូមិ ឃុំ ណែនាំដល់ប្រជាពលរដ្ឋឱ្យពួកគាត់ចេះសន្សំទឹកទុក សម្រាប់ប្រើប្រាស់ ហើយប្រសិនបើប្រជាពលរដ្ឋជួបបញ្ហាផ្សេងៗ សូមប្រញាប់រាយការណ៍មកអាជ្ញាធរស្រុក និងអាជ្ញាធរខេត្ត ដើម្បីរកលទ្ធភាព ក្នុងការជួយដោះស្រាយនូវបន្ទុក កង្វល់ជូនដល់ពួកគាត់។

ជាមួយគ្នានេះដែរ ស្ថិតក្នុងឱកាសកាន់ បិណ្ឌ នឹងបុណ្យភ្ជុំ ដែលមានរយៈពេល ១៥ ថ្ងៃ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្របខណ្ឌមន្ត្រីទូទាំងខេត្ត សូមជំរុញការពារ កុំឱ្យមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងធម្មការ និងសាសនា និងស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល  និងក្រសួងមហាផ្ទៃ៕