រាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យបើទោះបីជួបស្ថានភាព លំបាកនៃជំងឺកូវីដ១៩ក៏ដោយ

វិទ្យុជាតិកម្ពុជា
MC. សម្តេចតេជោ ហ៊ុនសែនបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួនឡើយ បើទោះបីជួបស្ថានភាព លំបាកនៃជំងឺកូវីដ១៩ក៏ដោយ ដើម្បី ធានាឱ្យកម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
ថ្លែងក្នុងកិច្ចប្រជុំកំពូលកម្មន្តសាល និងឧស្សាហកម្មសកលឆ្នាំ២០២០ ក្រោមប្រធានបទ ការស្តារឡើងវិញនូវវិបុលភាពក្នុងពិភពលោកក្រោយជំងឺរាតត្បាត នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នៅសហភាពអារ៉ាប់រួម តាមរយៈ វីដេអូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ទោះបីជាជំងឺកូវីដ១៩ បាននឹងកំពុងបង្កការលំបាក ជាច្រើនដល់ កិច្ចដំណើរការនៃជីវិតសង្គមនិងសេដ្ឋកិច្ច ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ។
សម្តេចតេជោបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញជាបន្តបន្ទាប់ នូវវិធីនៃការកែទម្រង់មុខស្រួចនានា សំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលបណ្ដាវិនិយោគិននិងធុរជន កំពុងជួបប្រទះក្នុងគោលបំណងបង្កើនការប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និងការបង្កើនបរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្មនិងការវិនិយោគនៅក្នុងប្រទេស ។ លើសពីនេះទៀត ដើម្បីក្តាប់យកឱ្យបានជាអតិបរិមា នៅកន្លែងសុវត្ថិភាពបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ រាជរដ្ឋាភិបាលក៏បានចាប់ផ្ដើមរៀបចំក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលនិងរដ្ឋាភិបាលអេឡិចត្រូនិកផងដែរ ដើម្បីជំរុញការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន៕