សត្វត្មាតរបស់កម្ពុជានៅតែកំពុងប្រឈមគ្រោះថ្នាក់ដោយការបំពុល

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី

MC: ក្រុមអ្នកអភិរក្សធនធានធម្មជាតិ និងពពួកសត្វកម្រនៅកម្ពុជា លើកឡើងថា សត្វត្មាតរបស់កម្ពុជានៅតែកំពុងប្រឈមគ្រោះថ្នាក់ដោយការបំពុល ហើយនឹងឈានទៅរកការផុតពូជ បើសិនមិនមានការការពារទាន់ពេលវាលា។
លោក ម៉ាយឃើល ម៉ីយ័រហូហ្វ (Michael Meyerhoff) នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) មានប្រសាសន៍ថា «ប្រជាពលរដ្ឋកម្ពុជាទាំងអស់អាចមានមោទនភាពចំពោះខ្លួនឯងដែលនៅមានវត្តមានសត្វត្មាតនៅក្នុងប្រទេស ប៉ុន្តែ គ្រប់គ្នាចាំបាច់ត្រូវតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអភិរក្ស តាមរយៈការជួយការពារទីជម្រករបស់សត្វត្មាត និងជាពិសេសត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ។ បើមិនដូច្នេះទេ សត្វត្មាតរបស់កម្ពុជានឹងវិនាសផុតពូជដូច នៅក្នុងប្រទេសថៃ និងវៀតណាមជាមិនខាន»។
ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ២០២០ នៅថ្ងៃទី៥ ខែកញ្ញានេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ៖ «សត្វត្មាតរបស់កម្ពុជានៅតែកំពុងប្រឈមទៅនឹងការផុតពូជ» ដើម្បីបញ្រ្ជាបការយល់ដឹងថា សត្វត្មាតត្រូវការជំនួយពី
មនុស្សទាំងអស់គ្នា ប្រសិនបើចង់ឃើញមានវត្តមានសត្វត្មាត រស់នៅក្នុងប្រទេសកម្ពុជាបន្តទៀត។
លោក ម៉ាយឃើល ម៉ីយ័រហូហ្វ បានបន្តថា សារធាតុគីមីដ៏គ្រោះថ្នាក់គួរតែត្រូវបានហាមឃាត់ ព្រោះវាក៏បង្កគ្រោះថ្នាក់ ដល់សុខភាពមនុស្សផងដែរ។ ជាលទ្ធផល សត្វត្មាតក្នុងស្រុកទាំងបីប្រភេទ ដែលរស់នៅតាមព្រៃល្បោះនៃប្រទេសកម្ពុជា កំពុងទទួលការគំរាមកំហែងឈានដល់ការផុតពូជ ខណៈប្រទេសកម្ពុជា គឺជាក្តីសង្ឃឹមចុងក្រោយសម្រាប់ប្រភេទសត្វត្មាតទាំងនេះនៅក្នុងតំបន់ ប៉ុន្តែចំនួននេះបានធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។ លោកថា នៅមានចំនួនសត្វត្មាតមិនច្រើនទេ ដែលកំពង់មាន វត្តមាននៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងដែនជម្រក សត្វព្រៃសៀមប៉ាង ខេត្តស្ទែងត្រែង  និងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ។
យោងតាមការជំរឿនសត្វត្មាតទូទាំងប្រទេស កាលពីខែមិថុនា ឆ្នាំ២០២០ បានបង្ហាញថា សត្វត្មាតទាំងបីប្រភេទដែលមានវត្តមានរស់នៅក្នុងតំបន់ការពារធម្មជាតិនៅប្រទេសកម្ពុជាមានចំនួន ១១៩ ក្បាល ក្នុងនោះត្មាតភ្លើងចំនួន១១ក្បាល ត្មាតផេះចំនួន ៧១ ក្បាល និងត្មាតត្នោតចំនួន ៣៧ ក្បាល។
លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF ប្រចាំកម្ពុជា មានប្រសាសន៍ថា «ស្ថានភាពអភិរក្សសត្វត្មាតទាំងបីប្រភេទដែលជាប្រភេទជិតផុតពូជបំផុតនៅកម្ពុជា គឺមានលក្ខណគួរឱ្យព្រួយបារម្ភខ្លាំង។ ថ្នាំសម្លាប់សត្វល្អិតមិនត្រឹមតែបង្កគ្រោះថ្នាក់ខ្លាំងដល់ជីវិតរស់រានរបស់សត្វត្មាតប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់ដល់សុខភាពមនុស្ស និងបសុសត្វផងដែរ»។ លោកបានឱ្យដឹងថា អង្គការ WWF កំពុងតែស្វែងរកការគាំទ្រមតិលើវិធី សាស្ត្រ ដែលផ្សាភ្ជាប់សុខភាពរបស់មនុស្ស សត្វ និងបរិស្ថាន ព្រមទាំងជំរុញឱ្យមានការធ្វើសេចក្តីសម្រេចចិត្តបញ្ឈប់ការបរិភោគសត្វព្រៃ និងការប្រើប្រាស់ដីព្រៃធម្មជាតិ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួម អភិរក្ស និងការពារសត្វត្មាត តាមរយៈបញ្ឈប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រៃ។ ឯកឧត្តម មានប្រសាសន៍ថា សត្វត្មាត ជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ ហើយការការពារ និងអភិរក្សសត្វត្មាត បានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជា និងពិភពលោកទាំងមូល ព្រមទាំងជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរ ការបង្កើតមុខរបរដែលផ្តល់ចំណូលដល់ប្រជាពលរដ្ឋផងដែរ។
យោងតាមទិន្នន័យទទួលបានពីផ្កាយរណបនាពេលថ្មីៗ នេះទាក់ទងទៅនឹងបំលាស់ទីរបស់សត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង បានបង្ហាញឱ្យដឹងថា សត្វត្មាតអាចហោះហើរនៅលើអាកាសបានកម្ពស់៦គីឡូម៉ែត្រ និងអាចហើរបានក្នុងល្បឿន រហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាអាចហើរទៅមកពីអាហារដ្ឋានផ្តល់ចំណីសត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃសៀមប៉ាងយ៉ាងងាយស្រួល។
សត្វត្មាត ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថាន ព្រោះវាបានស៊ីសាកសពសត្វ ជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងពីសត្វងាប់។ ពួកវាជា ភ្នាក់ងារសម្អាតបរិស្ថាន។ ប៉ុន្តែ ពួកវាកំពុងមានគ្រោះថ្នាក់ដោយការប្រើ ប្រាស់ថ្នាំពុលដែលមានសារធាតុ carbofuran អាចធ្វើឱ្យអន្តរាយដល់សត្វត្មាត។
បច្ចុប្បន្ន ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា បានបង្កើតឡើងដោយរួមមាន អង្គការមិនមែនរដ្ឋាភិបាល រាជរដ្ឋាភិបាល និងវិទ្យាស្ថានអប់រំជាន់ខ្ពស់ ក្នុងគោលបំណង ទប់ស្កាត់ការផុតពូជរបស់សត្វត្មាតនៅកម្ពុជា៕