គម្របព្រៃឈើនៅកម្ពុជាបច្ចុប្បន្នធ្លាក់ចុះមកនៅត្រឹម៤៧,៩៧ភាគរយ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី

MC: ក្រសួងបរិស្ថាន អះអាងថា គម្របព្រៃឈើនៅកម្ពុជា បច្ចុប្បន្នធ្លាក់ចុះមកនៅត្រឹម៤៧,៩៧ភាគរយ នៃផ្ទៃប្រទេស ខណៈចំនួនប្រជាជនកម្ពុជាបានកើនឡើងរហូតដល់ជាង១៦ លាននាក់។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា កត្តាមនុស្សជាហេតុផលចម្បងដែលធ្វើឱ្យព្រៃដីព្រៃឈើមានការធ្លាក់ចុះ ហើយផ្ទៃដីកសិកម្ម និងលំនៅដ្ឋានត្រូវ បានជំនួសវិញ។ អត្រាបាត់បង់គម្រប ព្រៃឈើជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់០,៥ភាគរយ បើធៀបនឹងផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។
ថ្លែងក្នុងឱកាសដឹកនាំអ្នកសារព័ត៌មានចុះមើលពីស្ថានភាពជាក់ស្តែងនៃកិច្ចខិតខំប្រឹងប្រែងការពារព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តក្រចេះ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងការពារធនធនធម្មជាតិ តាមរយៈ បង្កើតតំបន់ការពារធម្មជាតិ និងតំបន់អភិរក្សជាច្រើនកន្លែង ដែលរហូតមកទល់ពេលនេះតំបន់ការពារធម្មជាតិចំនួន ៦៦កន្លែង និងមានផ្ទៃដីជាង៧,៣លានហិកតាស្មើប្រមាណជាង៤១ភាគរយ នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា និងស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ ជាមួយគ្នានេះ ក៏បាននិងកំពុងតែជំរុញឱ្យមានការវិនិយោគ ចម្ការឈើដាំដើម្បីបង្កើតភាពបៃតង និងបង្កើតប្រភពឈើ សម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព សំដៅចូលរួមថែរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។
ឯកឧត្តម មានប្រសាសន៍ថា «ក្រសួងបរិស្ថានរួមនឹងអាជ្ញាធរពាក់ព័ន្ធនៅតែបន្តអនុវត្តវិធានការពារ និងអភិរក្សតំបន់ការពារធម្មជាតិដែលខ្លួនគ្រប់គ្រងប្រកបដោយស្មារតី ទទួលខុសត្រូវ និងចាត់វិធានការលើរាល់បទល្មើសធនធានធម្មជាតិដែលបានកើតឡើង។ នៅក្នុងរយៈពេល៦ខែឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បានចុះល្បាតចំនួន១៣.៨០៤ លើក និងបានបង្ក្រាបបទល្មើសបាន៣.៦៨៩ករណី ហើយក្នុងនោះបញ្ជូនសំណុំរឿងទៅតុលាការបានចំនួន៣២៩ករណី រឹបអូសរណាយន្តបានចំនួន ២.៥៧៨គ្រឿង ព្រមទាំងធ្វើការផាកពិន័យអន្តរកាលចំនួន ៤៣៣ករណី។ ក្រសួងបរិស្ថានទទួលស្គាល់ថា ទោះបីជា មានការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបបទល្មើស ទាំងយប់ថ្ងៃ ប៉ុន្តែបទល្មើសធនធានធម្មជាតិទ្រុងទ្រាយតូចៗ នៅតែកើតមាន ដែលទាមទារឱ្យសមត្ថកិច្ចក្រសួងបរិស្ថានបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះបង្ក្រាប និងទប់ស្កាត់បន្តទៀត»។
បើតាមការបញ្ជាក់របស់លោក ឆាយ​ឌួង សាវុធ ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ​ បានឱ្យដឹងថា ការអនុវត្តសកម្មភាពចុះបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ មានការលំបាក ដោយសារកម្លាំងមន្ត្រីការពារ និងអភិរក្ស មានចំនួនតិចជាងអ្នកប្រព្រឹត្តបទល្មើស ដែល ពេលខ្លះក៏ មានការតដៃចំពោះមន្ត្រីមានសមត្ថកិច្ចក្នុងអំឡុងពេលចុះបង្រ្កាប។ លោកថា បទល្មើសភាគច្រើនពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ បទល្មើសលួចកាប់ឈើ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត។
តាមរបាយការស្រាវជ្រាវក្នុងទសវត្ស៦០ បានបង្ហាញថា នៅអំឡុងឆ្នាំ១៩៦៤ គម្របព្រៃឈើនៅកម្ពុជាមានទំហំ ១៣២.២២១គីឡូម៉ែត្រការ៉េ ស្មើនឹង៧៣ភាគរយ នៃផ្ទៃដី ប្រទេសកម្ពុជាទាំងមូល ហើយចំនួនប្រជាជននាពេលនោះមានតែជាង៥លាននាក់ប៉ុណ្ណោះ៕