សម្តេចតេជោបន្តអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ

វិទ្យុជាតិកម្ពុជា


MC.សម្តេចតេជោបន្តអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដើម្បីការពារសុវត្ថិភាព សុខភាព កុំឲ្យឆ្លងការរីករាលដាលជំងឺកូវីដ១៩ មកខ្លួន ឯង ក្រុមគ្រួសារ និងសហគមន៍។
សម្តេចតេជោហ៊ុណសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរនៅក្នុងផេក ហ្វេសប៊ុក របស់សម្តេចថា នៅថ្ងៃទី៥ខែ កញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។
ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០២០។
នៅក្នុងឱកាសនេះសម្តេចតេជោសូមអំបាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល នឹងពាក់ម៉ាសក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។ កុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ-១៩អោយសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
សម្តេចតេជោក៏បានណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។
សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន៕