អាជ្ញាធរជាតិអប្សរាស្វាគមន៍ការចូលរួមរបស់ធនាគារ CIMB ក្នុងការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ

វិទ្យុជាតិកម្ពុជា៖លោកចេមហួត

នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាលជាមួយ លោក ប៊ុន យីម នាយកប្រតិបត្តិនៃធនាគារ CIMB ឯកឧត្តម ឈិត បូរ៉ាវុធ មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា និងសហការី ដើម្បីពិភាក្សាពីការចូលរួមស្តារគម្របព្រៃឈើនៅរមណីយដ្ឋានអង្គរ។

លោក ប៊ុន យីម បានលើកឡើងថា ដោយបានឃើញពីសកម្មភាពយ៉ាងសកម្មរបស់អាជ្ញាធរជាតិអប្សរាក្នុងការលើកកម្ពស់គម្របព្រៃឈើដើម្បីបរិស្ថាន និងការអភិរក្សប្រាង្គប្រាសាទ ធនាគារ CIMB មានបំណងចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការដាំដើមឈើដើម្បីទុកជាម្លប់ ជាកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយ។

ជាកិច្ចឆ្លើយតប លោក ឡុង កុសល បានសម្តែងសេចក្តីរីករាយចំពោះធនាគារ CIMB ដែលបានចូលរួមនិងផ្តល់តម្លៃដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា និងមានបំណងក្នុងការដាំដើមឈើនៅរមណីយដ្ឋានអង្គរដើម្បីបរិស្ថាននិងបេតិកភណ្ឌ។ អាជ្ញាធរជាតិអប្សរា សូមគាំទ្រទាំងស្រុងនូវការចូលរួមរបស់ធនាគារ CIMB ក៏ដូចជាស្ថាប័នឯកជនផ្សេងៗទៀតព្រោះអាជ្ញាធរជាតិអប្សរាតែងតែបានបង្ហាញនូវជំហរចង់ឱ្យមានការចូលរួមចំណែកជាសាធារណៈពីគ្រប់មជ្ឈដ្ឋានក្នុងស្មារតីចូលរួមគិត ចូលរួមធ្វើ និងចូលរួមទទួលខុសត្រូវ។ ចំណុចទាំងនេះនឹងបង្កើនការយល់ដឹង និងក្តីស្រឡាញ់ ពីគ្រប់មជ្ឈដ្ឋានដើម្បីចូលរួមការពារនិងអភិរក្សកេរមតកដូនតាដ៏មានតម្លៃពុំអាចកាត់ថ្លៃបានសម្រាប់កូនខ្មែរគ្រប់ៗរូប៕