មន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំចុះអនុវត្តវិធានការចំពោះផលិតផលម្សៅទឹកដោះគោម៉ាកNutrilatt

វិទ្យុជាតិកម្ពុជា៖លោកគឹមហឿនស្ទឹងត្រែង

ក្នុងឱកាសចុះពិនិត្យលើម្សៅទឹកដោះគោនៅខេត្តស្ទឹងត្រែងព្រឹកថ្ងៃទី៤ កញ្ញា ឆ្នាំ ២០២០ លោក គឹម ប្រុស ប្រធានសាខា( ក ប ប) ប្រចាំខេត្តស្ទឹងត្រែងបានបញ្ជាក់ថា មន្ទីរពិសោធន៍ ឯករាជ្យមួយនៅប្រទេសសិង្ហបុរី ទទួលស្គាល់ស្តង់ដារជាអន្តរជាតិ បានបង្ហាញឱ្យដឹងថា សំណាកគំរូ ផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt លេខកូដ B / N . 487. 488. 536. 537. 538. និង539 ជាម្សៅទឹកដោះគោ មានកំរិតជាតិដែកតិច ជាង 0.25 មីលីក្រាម ។
លោកបន្តថា៖ ទឹកដោះគោម្សៅប្រភេទនេះ អគ្គនាយកដ្ឋាន (ក ប ប)ហាមមិនអោយធ្វើចរាចរណ៍លក់ដូរនៅលើទីផ្សារទេ ព្រោះមាតា បិតា អាណាព្យាបាលយកទៅចិញ្ចឹមកូន មិនអាចមានភាពលូតលាស់ ដល់ទារករបស់ខ្លួនឡើយ ។
លោកស្រី ងិនធីតា អាជីវករលក់ម្សៅទឹកដោះគោ គ្រប់ប្រភេទនេះបាន សាទរចំពោះមន្ត្រី ក ប ប ដែលបានចុះមកណែនាំ និងបង្ហាញឱ្យដឹងពីកត្តាហានីភ័យ នៃការចិញ្ចឹមកូនដោយម្សៅទឹកដោះគោនេះ ព្រោះទាំងអ្នកលក់ និងប្រជាពលរដ្ឋពិតជាមិនបានដឹងឡើយ។
លោកស្រីសន្យាថានឹងជួយផ្សព្វផ្សាយ បញ្ហាប្រឈមនេះទៅដល់ស្ត្រីជាអ្នកម្តាយឱ្យបានយល់ជ្រួតជ្រាប ជាពិសេសអាជីវករកុំឱ្យនាំចូលទឹកដោះគោប្រភេទនេះមកលក់ទៀត។
លោកស្រីបន្ថែមថា៖ ការចិញ្ចឹមកូន និងទឹកដោះគោ មិនប្រសើរដូចការចិញ្ចឹមកូននិងទឹកដោះម្តាយឡើយ ដូចនេះសូមមាតា បិតាគ្រប់ រូបព្យាយាមចិញ្ចឹមកូនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលទើបល្អប្រសើរជាង។
សូមបញ្ជាក់ថា៖ក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំហៅកាត់ថា( ក ប ប) ចុះ អនុវត្តវិធានការចំពោះផលិតផលម្សៅទឹកដោះគោ ម៉ាក ( Nutrilatt )នេះបានចំនួន១១ទីតាំង និងបានអប់រំពន្យល់ដល់មាតាបិតាកុមារបានចំនួន២៥នាក់ផងដែរដើម្បីបញ្ឈប់ការប្រើប្រាស់ម្សៅទឹកដោះគោម៉ាក( Nutrilatt )នេះ៕