រដ្ឋបាលខេត្តកំពង់ឆ្នាំង គ្រោងអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិភ្នំនាងកង្រី

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
កំពង់ឆ្នាំ ៖រដ្ឋបាលខេត្តកំពង់ឆ្នាំង គ្រោងអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិភ្នំនាងកង្រី​ដើម្បីប្រែក្លាយតំបន់នេះ​ឱ្យមានភាពទាកទាញភ្ញៀវទេសចរទៅលេងកម្សាន្ដឱ្យកាន់តែច្រើន។

ក្នុងកិច្ចប្រជុំពិភាក្សារៀបចំផែនការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិភ្នំនាងកង្រី ស្ថិតនៅក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានពន្លឿនឱ្យអាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធត្រូវគិតគូរទៅលើទិដ្ឋ​ភាពការគ្រប់គ្រង​ភូមិសាស្ត្រ គោលដៅអភិវឌ្ឍន៍ និងការដឹកនាំគ្រប់គ្រង ដោយជួយគាំទ្រផ្នែកបច្ចេកទេស និងរៀបចំគម្រោង ដើម្បីអភិវឌ្ឍនៅនោះឱ្យមាននិរន្តរភាព និងស្ថិរភាព ។

ឯកឧត្តមបានបញ្ជាក់ថា ការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិភ្នំនាងកង្រីនេះ ដើម្បីបង្កើន​ប្រាក់ចំណូលចូលថវិកា​​ជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋានអាច លើកកម្ពស់ជីវ​ភាពពួកគាត់ឱ្យកាន់តែល្អប្រសើរ ។

ឯកឧត្ដមក៏បានណែនាំដល់គ្រប់មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់តម្រង់ឆ្ពោះសកម្មភាពការងាររបស់ខ្លួន ដើម្បីចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យបានកាន់តែខ្លាំងក្លាឡើងថែមទៀត៕