ខេត្តកណ្តាលបើកឱ្យដំណើរការអគារការិយាល័យច្រកចេញចូលតែមួយនៅស្រុកពញាឮដើម្បីពង្រឹងប្រសិទ្ធភាពផ្តល់សេវាជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា
កណ្តាល៖ ខេត្តកណ្តាលបើកឱ្យដំណើរការអគារការិយាល័យច្រកចេញចូលតែមួយនៅស្រុកពញាឮដើម្បីពង្រឹងប្រសិទ្ធភាពផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែលឿនរហ័ស មានទំនុកចិត្ត តម្លាភាព និងគណនេយ្យភាព។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលមានប្រសាសន៍ថា យើងត្រូវតែបន្តខិតខំ ប្រឹងប្រែងបម្រើសេវាជូននៅតាមមូលដ្ឋានឱ្យល្អ និងទាន់ពេលវេលាដើម្បីជាការលើកកម្ពស់គុណភាព នៃការផ្តល់សេវាកាន់តែប្រសើរ នៅថ្នាក់មូលដ្ឋាន ។
ឯកឧត្ដមបានបញ្ជាក់ថា ដោយមើលឃើញអំពីសំណូមពរ និងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងសេវារដ្ឋបាលដាច់ដោយដុំៗ និងច្រើនកន្លែង ទើបរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតឱ្យមានច្រកចេញចូលតែមួយនេះឡើង ។
ឯកឧត្ដម បានស្នើទៅប្រជាពលរដ្ឋទាំងអស់ ឱ្យមកប្រើប្រាស់សេវានេះ ដោយខ្លួនឯង ដោយមិនត្រូវពឹងពាក់អ្នកដទៃរត់ការឡើយ ។ ឯកឧត្ដមបានជំរុញឱ្យមន្ត្រីរាជការ និងមេភូមិ ត្រូវខិតខំផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសម្នាក់ៗ ត្រូវលើកទឹកចិត្តដល់ប្រជាពលរដ្ឋត្រូវការសេវាឱ្យមកកាន់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋដោយខ្លួនឯង ពីព្រោះថា បើធ្វើដូច្នេះនឹងធ្វើឱ្យពួកគាត់មិនខ្លាចរអា និងថែមទាំងបានយល់ដឹងអំពីនីតិវិធី រដ្ឋបាលមួយចំនួន នៃតម្លៃសេវា ខណៈដែលមន្ត្រីជំនាញកំពុងបំពេញកិច្ចការប្រចាំថ្ងៃជូនពួកគាត់។
ឯកឧត្តម បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សា គណៈអភិបាល កងកម្លាំងប្រដាប់អាវុធទាំងបីនៃស្រុកពញាឮ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ច ខិតខំបំពេញការងារកន្លងមក រហូតសម្រេចបានសមិទ្ធផលធំៗ ជាច្រើនគួរជាទីមោទនៈ និងសូមលើកទឹកចិត្តបន្តការខិតខំបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យថែមទៀត ៕