កម្ពុជានឹងបើកឱ្យមានជើងហោះហើរឡើងវិញចំពោះអ្នកវិនិយោគដែលចង់មកកម្ពុជា

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា
ភ្នំពេញ៖ កម្ពុជានឹងបើកឱ្យមានជើងហោះហើរឡើងវិញចំពោះអ្នកវិនិយោគដែលចង់មកកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេសឱ្យមកកម្ពុជាកាន់តែច្រើន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ស្ថានភាពវិស័យទេសចរណ៍ ក្នុងកំឡុងពេលនៃការរីករាលដាល ជំងឺកូវីដ-១៩ នៅថ្ងៃទី៣ ខែកញ្ញានេះ ឆ្នាំ២០២០ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិ ការ នៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចឱ្យមានការបើកដំណើរការជើងហោះហើរឡើងវិញនេះ ចំពោះតែភ្ញៀវទេសចរធុរកិច្ចតែប៉ុណ្ណោះ ហើយចំពោះតែប្រទេសណា ដែលមានភាពធូរស្រាលនៃការរាលត្បាតជំងឺកូវីដ១៩ ។

សំឡេង៖ “ជាពិសេសដំបូងនេះ ដូចបានបញ្ជាក់អ៊ីចឹងយើងបានអនុញ្ញាតឱ្យមានជាប្រភេទទេសចរធុរកិច្ច គឺជាអ្នក​​មកធ្វើធុរកិច្ចនៅកម្ពុជាសិន។ចំពោះទេសចរប្រភេទផ្សេងៗទៀត យើងនឹងបន្តធ្វើ នៅពេលខាងមុខទៀត នៅពេល​​ដែល ស្ថានភាពអំណោយផល នៅពេលដែលយើងអាចថា កូវីដនេះគឺមានការថមថយ”។

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា ការបើកដំណើរការជើងហោះហើរឡើងវិញនេះ បន្ទាប់ពីមានការផ្អាកជើង​​ហោះ​​ហើរជាបណ្ដោះអាសន្នជាមួយបណ្ដាប្រទេសមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលកូវីដ-១៩ឱ្យកាន់តែ​​មានប្រសិទ្ធ​ភាពខ្ពស់៕