ក្រសួងយុត្តិធម៌ ដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុជាផ្លូវការ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
ព្រះសីហនុ៖ ក្រសួងយុត្តិធម៌ បានដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុជាផ្លូវការ ដើម្បីបង្ខិតសេវាយុត្តិធម៌ឱ្យកាន់​តែខិតជិតប្រជាពលរដ្ឋ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿង ដែលត្រូវប្រមូលផ្តុំនៅសាលាឧទ្ធរណ៍​ភ្នំពេញតែមួយ ។
ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ និងពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញានេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានប្រសាសន៍ថា ការបង្កើតសាលាឧទ្ធរណ៍ព្រះសីហនុ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដោយអាចជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកា មិនពិបាកធ្វើដំណើរមកកាន់រាជធានីភ្នំពេញដូចមុន។
ឯកឧត្តមបញ្ជាក់ថា សាលាឧទ្ធរណ៍ព្រះសីហនុនេះ ដើម្បីផ្តល់សេវាយុត្តិធម៌ឱ្យមានភាពងាយស្រួល និងឆាប់រហ័ស សំដៅលើកកម្ពស់គុណភាពនៃការកាត់ក្តីឱ្យបានត្រឹមត្រូវយុតិ្តធម៌ និងស្អាតស្អំ ដើម្បីបង្កើនជំនឿទុកចិត្តពីសាធារណជនមកលើប្រព័ន្ធយុត្តិធម៌កម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ប្រធានសាលាឧទ្ធរណ៍, អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ ព្រមទាំង ចៅក្រម អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់នៃសាលាឧទ្ធរណ៍ព្រះសីហនុ និងមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ ក៏ដូចជានៅតាមសាលាជម្រះក្តីផ្សេងទៀតនៅទូទាំងប្រទេស ត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយសំណុំរឿងឱ្យបានលឿន ត្រឹមត្រូវ យុត្តិធម៌ ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ជៀសវាងកុំឱ្យមានការបញ្ហាកកស្ទះសំណុំរឿង ដែលសិ្ថតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របទៅតាមគោលដៅ ដែលក្រសួងយុតិ្តធម៌បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត៕