ក្នុងឱកាសបុណ្យកាន់បិណ្ឌនៅតាមវត្តអារាមអនុវត្តនូវវិធានការការពារជំងឺកូវីដ-១៩ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់បានល្អ

វិទ្យុជាតិកម្ពុជា វ៉ែន សុវុទ្ធី
ភ្នំពេញ៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ នៅតាមវត្តអារាមអនុវត្តនូវវិធានការ ការពារជំងឺកូវីដ១៩ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់បានល្អ ដើម្បីបង្កលក្ខណៈឱ្យពិធីបុណ្យនេះ ប្រព្រឹត្តដោយរលូន ប្រជាពលរដ្ឋបានធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា ។

ព្រះភិក្ខុសង្ឃ អត្តសន្តោ ស៊ីម សុភក្រ្តា គង់នៅវត្តសិរីមង្គល (ហៅដំរីស) មានសង្ឃដីកាថា បុណ្យកាន់បិណ្ឌនៅវត្តសិរីមង្គលឆ្នាំនេះ គណៈគ្រប់គ្រងវត្ត បានរៀបចំក្រុមការងារ ជាក្រុមតាមគោលដៅជំនាញ ដើម្បីធ្វើការវាស់កម្តៅ បាញ់ទឹកអាល់កុល និងតម្រូវឱ្យប្រជាពលរដ្ឋពាក់ម៉ាស់មុនចូលទៅក្នុងបរិវេណវត្ត ។

ចំពោះការរៀបចំចង្ហាន់វិញ គឺបានរៀបចំការផ្ទេរចង្ហាន់ឱ្យមានគម្លាតឆ្ងាយពីគ្នា និងមិនមានការចាក់ម្ហូបច្របល់ចូលគ្នាទេ ដោយតម្រូវឱ្យចាក់ចូលចាន ។ ព្រះអង្គ បានផ្តល់ឱវាទថា ចំពោះសន្តិសុខសណ្តាប់ធ្នាប់វិញ គឺខាងគណៈគ្រប់គ្រងវត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យជួយការពារ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីសម្រួលអ្នកមកធ្វើបុណ្យមិនមានការព្រួយបារម្ភ។

សំឡេង«ចំពោះបញ្ហានេះគណៈគ្រប់គ្រងវត្តលោកបានសហការជាមួយអាជ្ញាធរមូលដ្ឋានជាពិសេសប៉ុស្តិ៍ឱ្យមានការចូលរួមជាមួយអាជ្ញាធរព្រមទាំងប្រជាការពារភូមិមកសហការការពារព្រទ្យសម្បត្តិប្រជាពលរដ្ឋជាពិសេសម៉ូតូយានយន្តរបស់ពួកគាត់យើងបានរៀបចំបែងចែកក្រុមការងារខាងសន្តិសុខប្រជាការពារនិងប៉ូលិសគាត់ជួយមើលនិងធ្វើចរាចរណ៍និងសណ្តាប់ធ្នាប់ ដើម្បីយ៉ាងណាឱ្យពិធីបុណ្យកាន់បិណ្ឌនេះមានរបៀបរៀបរយមិនភ័យព្រួយពីការបាត់បង់»។
សូមបញ្ជាក់ថា កាលថ្ងៃទី៤ ខែកញ្ញា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ៕