អភិបាលខេត្តមណ្ឌលគិរី ណែនាំឱ្យមន្រ្តីពាក់ព័ន្ធត្រូវរឹតបណ្តឹង និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់

វិទ្យុជាតិកម្ពុជា៖ លោកស៊ុន សំនៀង
MC:អភិបាលខេត្តមណ្ឌលគិរីស្នើអោយមន្រ្តីរឹតបណ្តឹង និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមាន​ប្រសិទ្ធភាពខ្ពស់ ដើម្បីកាត់បន្ថយកាប់បំផ្លាញព្រៃឈើ ការកាប់ទន្រ្ទានយកដីរដ្ឋ ឬការកាប់ទន្រ្ទានព្រៃធ្វើជា​កម្មសិទ្ធិផ្ទាល់ខ្លួន។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានជំរុញឱ្យអភិបាលក្រុង/ស្រុក និងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យបានខ្លាំងក្លាបន្ថែមទៀត ។
ឯកឧត្តមបន្ដថា បញ្ហាបទល្មើសព្រៃឈើ និងការកាប់ទន្រ្ទានយកដីព្រៃមកធ្វើជាកម្មសិទ្ធិ គឺជាបញ្ហាដ៏ស្មុគស្មាញ ដូច្នេះបញ្ហាទាំងនេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់អង្គភាពជំនាញ និងសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋទាំងអស់ ដើម្បីថែរក្សា ការពារធនធានធម្មជាតិ ឱ្យបានស្ថិតស្ថេរគង់វង្ស។
ឯកឧត្តមអភិបាលខេត្ដបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងសហគមន៍ចូលរួមការទប់ស្កាត់ការបំផ្លិចបំផ្លាញ់ការកាប់ព្រៃឈើ និងរាយការណ៍មកអាជ្ញាធរជាបន្ទាន់ ប្រសិនបើមានបទល្មើសកើតឡើង ៕