សម្តេចតេជោហ៊ុនសែនអះអាងថានៅទូទាំងក្រុងសៀមរាបនឹងមានផ្លូវល្អប្រណិតប្រើប្រាស់នាឆ្នាំ២០២១ខាងមុខ

វិទ្យុជាតិកម្ពុជា៖ លោកអាត ចន្ធូ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាលើកឡើងថា នៅទូទំាងក្រុងសៀមរាបនឹងមានផ្លូវល្អប្រណិតប្រើប្រាស់នាឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ទម្លាក់ថវិកា ១៥០ លានដុល្លារសម្រាប់កសាងផ្លូវចំនួន៣៨ ខ្សែក្នុងទីរួមខេត្តសៀមរាប ដើម្បីធានាឱ្យទីក្រុងទេសចរណ៍ដ៏ធំនេះកាន់តែមានភាពទាក់ទាញ ល្អប្រណិត និងងាយស្រួលដល់ការធ្វើចរាចរណ៍។
ថ្លែងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី ៤ ខែកញ្ញា នាវិមានសន្ដិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបាន មានប្រសាសន៍ថា កន្លងមកពេលដែលមានកិច្ចប្រជុំធំៗដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប ពេលធ្វើដំណើរម្តងៗតាមបណ្តាផ្លូវមួយចំនួនហាក់មានភាពមិនទាន់ល្អប្រសើរនៅឡើយ។ សម្តេចតេជោបន្ថែមទៀតថា ដោយមើលឃើញពីផលលំបាកនេះទើបរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាដើម្បីស្ថាបនាផ្លូវនានាទំាងតូចទំាងធំនៅទូទំាងក្រុងសៀមរាប ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាត។
សម្តេចតេជោបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១ខាងមុខនេះ ប្រជាពលរដ្ឋនៅទូទាំងក្រុងសៀមរាបនឹងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ល្អប្រណិតដែលរួមមានផ្លូវថ្នល់ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជិះកង់ ប្រព័ន្ធលូបង្ហូរទឹកស្អុយ ដែលមានលក្ខណៈស្តង់ដារដូចគ្នាទៅនឹងខេត្តព្រះសីហនុ។ សម្ដេចតេជោបន្តថា ចំពោះគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្រុងសៀមរាបនេះ ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិជាប្រធាន ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ជាអនុប្រធាន និងឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាអនុប្រធាន។
សំឡេង៖ « នៅពេលដែលយើងជិះឡានទៅតាមសណ្ឋាគារខ្នាតធំៗដែលយើងប្រជុំអន្តរជាតិ យើងក៏បានទើសភ្នែកខ្លួនឯង ទៅលើបញ្ហាទាក់ទងជាមួយនឹងរឿងផ្លូវថ្នល់របស់យើង គឺគេតរកូដបន្តិច ប៉ុន្តែឥឡូវនេះស្តង់ដារខេត្តព្រះសីហនុមិនមែនយកស្តង់ដារទាំងមូលទេ ប៉ុន្តែប្រព័ន្ធបង្ហូរទឹកភ្លៀង ប្រព័ន្ធបង្ហូរទឹកស្អុយ គឺស្តង់ដារដូចគ្នា ហើយមានផ្លូវថ្មើរជើង មានផ្លូវជិះកង់គឺស្តង់ដារដូចគ្នា ប៉ុន្តែស្តង់ដារខាងក្រោមនេះ គឺយើងមិនចាក់បេតុង ២០ ដូចជាខេត្តព្រះសីហនុទេ អ៊ីចឹងបានជាការចំណាយនេះគឺល្មមសមរម្យ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ការចរចាជាបន្តទៅលើបញ្ហាតម្លៃ ហើយខ្ញុំស្នើថាត្រូវរៀបចំបណ្ដាក្រុម ហើយក្រុមនេះត្រូវជ្រើសរើសចូលធ្វើរួចហើយ គួរតែត្រូវឱ្យភ្លៀងស្រកស្រុតបន្តិចសិន ទើបខ្ញុំចាប់ផ្ដើមបើកការដ្ឋានតែម្ដង ក្នុងរយៈពេលមួយឆ្នាំយើងអាចធ្វើរួចហើយ គឺចុងឆ្នាំ ២០២១ យើងមានផ្លូវស្អាតទាំងអស់ក្នុងទីក្រុងសៀមរាប» ៕