អាជ្ញាធរជាតិអប្សរា រកឃើញចម្លាក់ប្រអប់ព្រះហស្ថឆ្វេងព្រះពុទ្ធបដិមាដ៏ធំមួយនៅខាងត្បូងប្រាសាទបាយ័ន

វិទ្យុជាតិកម្ពុជា៖ រាយការណ៍ពីមន្ទីរព័ត៌មានខេត្តសៀមរាប
MC៖ មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា បានរកឃើញចម្លាក់ប្រអប់ព្រះហស្ថឆ្វេងព្រះពុទ្ធបដិមា មានបណ្ដោយប្រវែងជិត១ម៉ែត្រ ប្រទះឃើញនៅក្នុងព្រៃចម្ងាយប្រហែល៣០០ម៉ែត្រ ខាងត្បូង ប្រាសាទបាយ័ន ។

លោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីបេតិកភណ្ឌរូបី នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចម្លាក់ប្រអប់ព្រះហស្ថព្រះពុទ្ធរូបខាងឆ្វេងមួយធ្វើអំពីថ្មភក់ មានទំហំបណ្តោយ ០.៩៥ម៉ែត្រ ទទឹង ០.៤២ម៉ែត្រ និងកម្រាស់ ០.២៤ម៉ែត្រ ក្នុងសភាពហាក់មិនទាន់ឆ្លាក់រួចរាល់ត្រឹមត្រូវនៅឡើយទេ ដោយឃើញមានស្នាមមុខពន្លាក និងមិនទាន់ខាត់រំលីងនៅឡើយ។
លោកបញ្ជាក់ថា ចម្លាក់ដែលមានត្រឹម កព្រះហស្ថ និងម្រាមទាំង៥ ដោយលាបាតព្រះហស្ថនេះ គឺស្ថិតនៅក្នុងសម័យកណ្តាល ទំនងជាព្រហស្ថព្រះពុទ្ធបដិមា ក្នុងកាយវិការមារវិជ័យ ឬហៅថា ផ្ចាញ់មារ ។ ទម្រង់កាយវិការនោះ ព្រះពុទ្ធទ្រង់គង់ភ្នែន ដោយយកព្រះហស្ថខាងស្តាំដាក់ផ្កាប់លើភ្លៅសំយ៉ុងម្រាមព្រះហស្ថចង្អុលទៅធរណី ។ រីឯព្រះហស្ថឆ្វេងដាក់នៅលើចន្លោះភ្លៅ ហើយលាផ្ងារបាតព្រះហស្ថទៅលើ។
តាមការសន្និដ្ឋានកាយវិការ និងចម្លាក់បែបនេះ និងយោងទៅលើហេតុផល មានព្រះពុទ្ធបដិមាធំៗចំនួន២អង្គ ដែលស្ថិតនៅជុំវិញប្រាសាទបាយ័ន រួមមាន ព្រះអង្គឥន្ទ្រទេព និងព្រះអង្គងោក គឺសុទ្ធសឹងតែសង់ឡើងក្នុងទំហំធំ និងពីថ្មភក់ច្រើនដុំ ហើយស្ថិតនៅក្នុងកាយវិការផ្ចាញ់មារដូចគ្នា ។ រីឯនៅបរិវេណដែលរកឃើញចម្លាក់នោះ គឺទំនងជា សំណង់ខឿនទីសក្ការ:បូជាព្រះពុទ្ធសាសនា តាមរយ:ការរកឃើញថ្មសីមាមួយចំនួន។
តាមការស្រាវជ្រាវ និងថតពីលើអាកាស ដែលថតដោយបច្ចេកវិទ្យាឡាយដា (LiDAR) ក៏បានរកឃើញស្លាកស្នាមទីតាំងមនុស្សរស់នៅជាច្រើន ក្នុងបរិវេណក្រុងអង្គរធំ ហើយសំណង់ទាំងនោះ រួមមាន ខឿនពុទ្ធសាសនាជាច្រើនកន្លែង ដែលសង់ពីថ្មភក់ និងថ្មបាយក្រៀម ។ បច្ចុប្បន្នចម្លាក់ប្រអប់ព្រះហស្ថនេះ ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបី នៃនាយកដ្ឋានអភិរក្សប្រាសាទនេះ បានសហការ ជាមួយស្ថាប័នមានសមត្ថកិច្ច នគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គរ ព្រមទាំងមន្ត្រីអភិរក្សប្រាសាទ បានធ្វើកំណត់ហេតុប្រគល់និងទទួល ដើម្បីដឹកយកទៅរក្សាទុកនៅមជ្ឈមណ្ឌលអជ្ញាធរជាតិអប្សរា និងចុះបញ្ជី រក្សាទុករង់ចាំការជួសជុលនៅថ្ងៃអនាគត៕