សមត្ថកិច្ចបន្ត បង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹមមិនលើកលែងឡើយ

វិទ្យុជាតិកម្ពុជា៖ រាយការណ៍ពីមន្ទីរព័ត៌មានខេត្តសៀមរាប
MC៖ សមត្ថកិច្ចពង្រឹងវិធានការបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម ដែលធ្វើឱ្យលទ្ធផលនៃ ការបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងឆមាសទី១ ឆ្នាំ២០២០ សម្រេចបានជោគជ័យជាច្រើនដោយបង្ក្រាបបានមានចំនួន ៥៤៦៣ករណីកើនឡើង៣០ភាគរយ។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងឆមាសទី១ឆ្នាំ២០២០នេះមានការបង្ក្រាបបទល្មើសគ្រឿងញៀន មានសរុបចំនួន ៥,៤៦៣ករណី បើធៀបទៅនឹងរយ:ពេលដូចគ្នា ក្នុងឆ្នាំ២០១៩មានការកើន១២៨៨ករណី ស្មើនឹងជាង៣០ភាគរយ។ ក្នុងនោះជនសង្ស័យសរុប ១០៨៧៧នាក់ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួនកើនជិត២០០០នាក់ ស្មើនឹងជាង២២ភាគរយ ហើយជនសង្ស័យទាំងនោះរួមមានទាំងជនជាតិខ្មែរ និងជនបរទេស សរុបចំនួន១៥សញ្ជាតិ ។

ចំណែក គ្រឿងញៀនដែលចាប់បានសរុបជិត២៦២ គីឡូក្រាម ពោលគឺថយចុះជាង២៣ភាគរយ បើធៀបទៅនឹងឆមាសទី១ ឆ្នាំ២០១៩ ចាប់បានជិត ៣៤២ គីឡូក្រាម។

ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ ឆ្នាំ២០២០ នៅខេត្តសៀមរាប លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា បើទោះជាមានការបិទច្រកព្រំដែន នៃប្រទេសលើពិភពលោកក្តី បិទជើងហោះហើរជាអន្តរជាតិក្តី យ៉ាងណាក៏ដោយ ក៏នៅមានអំពើជួញដូរគ្រឿងញៀននេះដដែល ទាមទារឱ្យមានកិច្ចសហការជាមួយគ្នាបន្តថែមទៀត។

លោកបន្តថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតែជាអាទិភាពក្នុងការស្រាវជ្រាវបន្ត និងបង្ក្រាបករណីផលិតកែច្នៃ បន្តពង្រឹងសមត្ថភាពឆន្ទ: គុណធម៌ស្មោះត្រង់ ចំពោះវិជ្ជាជីវ:របស់មន្រ្តីអនុវត្តច្បាប់ តាមទិសស្លោករបស់សម្តេច​ក្រឡាហោម ស ខេង «៣កុំ ១រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍គ្រប់​ករណីបទល្មើសគ្រឿងញៀន ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានគណ:កម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្តបញ្ជាក់ថា គ្រឿងញៀនវាជាឧបករណ៍ រារាំងដល់ការអភិវឌ្ឍជាតិ រួមទាំងសន្តិសុខ សណ្តាប់ធ្នាប់សង្គមផងដែរ ។ លោកបន្តថាសមត្ថកិច្ចខេត្តទេសចរណ៍មួយនេះ បានយកចិត្តទុកដាក់ខ្ពស់ អប់រំផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ ក្រោមការចូលរួមពីមន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធ ។

លោកបញ្ជាក់ថា ឆមាសទី១កន្លងមកនេះ ខេត្តសៀមរាបបង្ក្រាបបទល្មើសគ្រឿងញៀនបាន ២៣៥ករណី ឃាត់ខ្លួនជនសង្ស័យបានជាង៨០០នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនបានជិត ៩០០០ក្រាម៕