របរចិញ្ចឹមបង្កងកំពុងពេញនិយមពីប្រជាកសិករនៅខេត្តកំពង់ឆ្នាំង

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ
MC៖ របរចិញ្ចឹមបង្កងកំពុងពេញនិយមពីប្រជាកសិករនៅខេត្តកំពង់ឆ្នាំង ដោយសារមុខរបរនេះ រកប្រាក់ចំណូលបានច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ ខណៈតម្រូវការទីផ្សារកាន់តែច្រើន។

លោក នង ណារិទ្ធ ជាម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង ចិត្ត ស្រីអូន ស្ថិតនៅភូមិចម្ការខ្លី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចិញ្ចឹមបង្កងអូស្ត្រាលីទឹកសាបនេះរយៈពេលជាង ១ឆ្នាំមកហើយ ពេលនេះ កំពុងតែកាក់កបខ្លាំង ដោយសារតែបង្កង លក់បានថ្លៃ និងសម្បូរទីផ្សារជួយឱ្យជីវភាពគ្រួសារធូរធារប្រសើរជាងមុន។
លោកបន្តថា កន្លងមកលោកក៏ធ្លាប់សាកល្បងចិញ្ចឹមបង្កងដៃវែងរបស់ខ្មែរយើងដែរ ប៉ុន្ដែហាក់មានការលំបាកទាំងការភ្ញាស់កូន និងការមើលថែ ទើបធ្វើឱ្យលោកងាកមករកការចិញ្ចឹមបង្កងអូស្រ្ដលីនេះវិញ ព្រោះងាយស្រួលបង្កាត់កូន និងមើលថែពិសេសមានត្រូវការការទីផ្សារខ្ពស់ ។
លោក នង ណារិទ្ធបន្ថែមថាបង្កងអូស្ត្រាលីទឹកសាបនេះ ជាមធ្យមអាចលក់បានក្នុងតម្លៃ១គីឡូក្រាម ចន្លោះពី ២០ដុល្លារ ទៅ ៣០ដុល្លារទៅតាមទំហំរបស់វាតូច ឬធំ ប៉ុន្តែសម្រាប់កសិដ្ឋានរបស់លោកពេលនេះ មិនទាន់ចិញ្ចឹមលក់ជាបង្កងសាច់នោះទេ គឺលក់ជាកូនបង្កង និងបង្កងមេពូជប៉ុណ្ណោះ ដោយកូនបង្កងក្នុង១ក្បាលលក់បាន២ពាន់រៀល រីឯបង្កងមេពូជវិញក្នុង១គូរលក់បានតម្លៃ៥ដុល្លារ ។
សំឡេង៖ «រាល់ថ្ងៃនេះបើនិយាយទៅបង្កង១គីឡូ៣០ដុល្លារ ប៉ុន្ដែអត់ដែលមានលក់សាច់ទេពព្រោះ ភ្ញៀវមកទិញកូនអស់ហើយ ១គ្រាប់បាន៤ពាន់ ៥ពាន់១ម៉ឺនអ៊ីចឹងណាបាទ ហើយកូនតូចៗហ្នឹង១គ្រាប់បាន២ពាន់រៀល បើគេយកច្រើនទៅនៅសល់ ១ពាន់រៀល ចំពោះមេបាដែលយើងបង្កាត់បានអ៊ីចឹង១គូបាន៥ដុល្លារអ៊ីចឹងទៅណាបង ពង្រីកតែបង !ខ្ញុំទិញដីគេបានជិតហ្នឹងទៀតហើយ កំពុងរៀបចំខែប្រាំងហ្នឹងឱ្យបាន២ស្រះបន្ថែមទៀត »។
លោកបញ្ជាក់ថា ប្រជាកសិករមានប្រាក់ត្រឹមតែ៥០០ដុល្លារ ក៏អាចចាប់ផ្ដើមចិញ្ចឹមបង្កងបានដែរ គឺគ្រាន់តែទិញពូជមកបង្កាត់បន្ទាប់មកយកកូនដែលបានបង្កាត់នោះលក់ដើម្បីបង្កើតចំណូលបន្ថែម។ បើមានស្រះទឹកស្រាប់គឺចំណាយត្រឹមតែ២០ម៉ឺនក៏អាចចាប់ផ្ដើមបានដែរ៕