រដ្ឋបាលរាជធានី គ្រោងនឹងបើកការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែ មានទទឹង៣០ម៉ែត្រ និងបណ្តោយជាង៥គីឡូម៉ែត្រ ចាប់ពីផ្លូវ ១០០៣ រហូតដល់មហាវិថី ឈ្នះឈ្នះ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០

ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅក្នុងខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបើកការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែ ដែលមានទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជាង៥គីឡូម៉ែត្រ ដោយចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉លសែនសុខ ស្របប្រឡាយមេ ខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅខណ្ឌព្រែកព្នៅ ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ  បាន បញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា រដ្ឋបាលរាជធានីភ្នំពេញមានគម្រោង នឹងបើកការដ្ឋានស្ថាបនាមហាវិថីមួយខ្សែនៅសប្តាហ៍ក្រោយនេះ។ មហាវិថីនេះ មានប្រវែង ៥៨៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល ២ម៉ែត្រ ផ្លូវ១២ម៉ែត្រ សងខាង ដែលអាចឱ្យរថយន្តធ្វើចរាចរណ៍បាន៣គន្លងទៅ ៣គន្លងមក និងមាន១គន្លងទៅ មកសម្រាប់ម៉ូតូ ហើយមានចិញ្ចើមផ្លូវសងខាង២ម៉ែត្រសម្រាប់អ្នកថ្មើរជើង ជាមួយនឹង ការដាក់លូនៅសងខាងផ្លូវទំហំ៨តឹកផងដែរ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា បើមិនមានការប្រែប្រួលទេ នៅដើមសប្តាហ៍ ក្រោយនេះ ឯកឧត្ដម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋាន ហើយការដ្ឋាននេះនឹងស្ថាបនាឱ្យរួចរាល់ក្នុងរយៈពេល៦ខែទៀត៕

ដោយ សួស សំរិត