ឆ្នាំសិក្សា២០២០-២០២១ នឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១១ ខែមករា ដោយសាលារៀនត្រូវរៀបចំសម្អាតបរិស្ថានមុនបើកដំណើរការ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០

ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា ឆ្នាំសិក្សា២០២០-២០២១ នឹងត្រូវអនុវត្តន៍ ចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១តទៅ ដោយសាលារៀនត្រូវសម្អាតបរិស្ថានមុនដំណើរ ការ។

យោងតាមបណ្តាញសង្គមរបស់ក្រសួងអប់រំ បានសរសេរនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា សាលារៀនតាមបណ្ដារាជធានីខេត្ត រៀបចំសម្អាតបរិស្ថានតាមស្តង់ដារ អនាម័យ មុនពេលបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី២។ គណៈគ្រប់គ្រងសាលា រៀន លោកគ្រូ អ្នកគ្រូ បានដឹកនាំសកម្មភាពសម្អាត បរិស្ថានសាលារៀន បាញ់ថ្នាំកម្ចាត់ មេរោគ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព  តាមគោល ការណ៍ណែនាំរបស់ក្រសួងអប់រំ ដែលដាក់ឱ្យអនុវត្តតាមស្តង់ដារ SOP របស់ក្រសួង សុខាភិបាល ដើម្បីធានាបានថា ការបើកដំណើរការ នេះឡើងវិញ ប្រកបដោយសុវត្ថិភាព ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីបង្ការ ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩។

ក្រសួងក៏សូមជម្រាបថា ក្នុងឱកាសនៃកិច្ចប្រជុំណែនាំដល់អង្គភាពក្រោមឱវាទរួមមាន នាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡា គ្រប់ខេត្ត ក្រុងទាំងអស់ កាលពី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០កន្លងទៅ ឯកឧត្ដមបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន បាន មាន ប្រសាសន៍ថា “ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ត្រូវអនុវត្តន៍ប្រកបដោយស្តង់ដារ មិនមែនបើកទាំងប្រថុយប្រថានឡើយ” ។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម។

សូមជម្រាបថា គ្រឹះស្ថានសិក្សាមួយចំនួននឹងបើកដំណើរការឡើងវិញដំណាក់ កាលទី២ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ ដោយឡែកឆ្នាំសិក្សា២០២០-២០២១ នឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១តទៅ៕

ដោយ​ អ៊ាង ប៊ុនរិទ្ធ