សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបនាំយកថវិកាចំនួន២៥.០០០ដុល្លារជូនដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា៖ ស្រីផល
MC៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកថវិកាសប្បុរសធម៌ ចំនួន២៥.០០០ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដើម្បីជួយគាំទ្រដល់សកម្មភាពពិនិត្យព្យាបាល និងសង្គ្រោះអាយុជីវិតអ្នកជំងឺ។
លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សៀមរាបមានប្រសាសន៍ថា ថវិកាដែលប្រគល់ជួននេះ ដើម្បីទ្រទ្រង់ដល់សកម្មភាពពិនិត្យព្យាបាល និងសង្គ្រោះអាយុជីវិតអ្នកជំងឺ។ ថវិកានេះបានមកពីកម្មវិធីជិះកង់សប្បុរសធម៌ ក្រោមប្រធានបទ” សម្រាកសៀមរាប ” ដោយទទួលបានថវិកាសរុបចំនួន១១៧.៩០១ដុល្លារដើម្បីជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ។
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តែងតែបានផ្សារភ្ជាប់ និងយកចិត្តទុកដាក់នាំយកថវិកាសប្បុរសធម៌ ជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យនានាមួយចំនួនទៀតដែលបញ្ជាក់ឱ្យឃើញថារាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហម កម្ពុជាបានចូលរួមគាំទ្រនូវសកម្មភាពសប្បុរសធម៌ដល់មន្ទីរពេទ្យនេះជាដរាប។
លោកជំទាវបន្តទៀតថាឆ្នាំនេះប្រទេសកម្ពុជា ក៏ដូចជាសកលលោកទាំងមូលជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ សាខាកាកបាទក្រហមកម្ពុជាខេត្ត ពុំបានប្រារព្ធទិវាកាកបាទក្រហមដូចឆ្នាំកន្លងទៅទេ ទើបបង្កើតកម្មវិធីជិះកង់សប្បុរសធម៌នេះឡើង ដើម្បីកៀរគរមូលនិធិជួយដល់មន្ទីរពេទ្យមួយចំនួនដូចជាមន្ទីរពេទ្យជ័យវរ្ម័ន្យទី៧ មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្ត។
សូមបញ្ជាក់ថា ថវិកាមនុស្សធម៌ ដែលសាខាកាកបាទក្រហមខេត្តសៀមរាប ផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផានៅពេលនេះ ដើម្បីបន្ដជួយព្យាបាលប្រជាពលរដ្ឋក្រីក្រ ពិសេសថែទាំអ្នកជំងឺ កុមារនិងស្ត្រីមានផ្ទៃពោះឆ្លងទន្លេជាដើម៕