ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តកំពង់ចាមពង្រឹងវិធានការគ្រប់គ្រងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

វិទ្យុជាតិកម្ពុជា ហ៊ាង ចាន់ថា ភ្នាក់ងារខេត្តកំពង់ចាម
MC. មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបើកកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តកំពង់ចាមពង្រឹងវិធានការគ្រប់គ្រងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីការពារកុំអោយជំងឺ ដ៏កាចសាហាវនេះឆ្លងចូលក្នុងសហគមន៍។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា រួមជាមួយនឹងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្ត បានដឹកនាំកិច្ចប្រជុំ ស្តីពីវិធានការគ្រប់គ្រង នឹងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅខេត្តកំពង់ចាម។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីក៏បានណែនាំដល់រដ្ឋបាលខេត្តត្រូវជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការបង្ការ និងការពារការឆ្លងជំងឺកូវីដ-១៩ និងស្នើឱ្យប្រជាពលរដ្ឋទូទៅដែលជាពុទ្ធសាស និកជន និងគណៈកម្មការគ្រប់វត្ត ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ទប់ស្កាត់កូវីដ-១៩ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាន៍ថា រដ្ឋបាលខេត្តនេះ បានធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ឱ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយនូវសារាចរ ណែនាំរបស់ក្រសួងជំនាញរួចហើយ។
រដ្ឋបាលខេត្តកំពង់ចាមរៀបចំ មណ្ឌលចត្តាឡីស័កកម្រិត២នៅខេត្តមានចំនួន០២កន្លែង ទី១ អតីតសណ្ឋាគារមេគង្គមានបន្ទប់ចំនួន ៧១ បន្ទប់ ដែលអាចដាក់មុខសញ្ញាចត្តាឡីស័កបានចំនួន ១៤២នាក់ និង ទី២ អាគារអន្តេវាសិក ក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាមចំនួន ៤០បន្ទប់ ដែលអាចដាក់មុខសញ្ញា ចត្តាឡីស័កកម្រិត២ចំនួន១២០នាក់។

ដោយឡែកគិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ពលរដ្ឋដែលទើបនឹងវិលត្រឡប់មកពីបរទេស និងបានស្នាក់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ មានចំនួន ៤.២៩៦នាក់ ក្នុងនោះ បានផុតការតាមដានសុខភាព ចំនួន ៤.២១២នាក់ ៕