សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងទទួលរង្វាន់ JIKJI នៃស្មារតីចងចាំពិភពលោកឆ្នាំ ២០២០ របស់អង្គការយូណេស្កូ

វិទ្យុជាតិកម្ពុជា៖ យី វិច្ឆិកា
ភ្នំពេញ៖សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងទទួលរង្វាន់ JIKJI នៃស្មារតីចងចាំពិភពលោកឆ្នាំ ២០២០ របស់អង្គការយូណេស្កូ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ ។យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលវិទ្យុជាតិកម្ពុជាទទួលបានដឹងថា កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ អង្គការយូណេស្កូពិភពលោកដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានសម្រេចផ្តល់រង្វាន់ JIKJI នៃស្មារតីចងចាំពិភពលោក របស់អង្គការយូណេស្កូដល់សារមន្ទីរ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង លើសមិទ្ធិផលនៃការខិតខំប្រឹងប្រែង ក្នុងការអភិរក្ស ឯកសារនិងបណ្ណសារ រូបថត ដែលជាមរតក ឯកសារ ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់មនុស្សជាតិ ។ ការសម្រេចផ្តល់រង្វាន់ JIKJIនេះ ធ្វើឡើងយ៉ាងម៉ត់ចត់បំផុតពីគណៈកម្មការវាយតម្លៃ ដែលជ្រើសរើសចេញពីគណៈកម្មាធិការ ទីប្រឹក្សាអន្តរជាតិនៃស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ ។
ប្រភពដដែលបន្តថា JIKII នៃស្មារតីចងចាំពិភពលោក របស់អង្គការយូណេស្កូ ជារង្វាន់
បង្កើតឡើង ដើម្បីរំលឹកដល់ខួបនៃការចុះបញ្ជីសៀវភៅ Buljo Jiki Sinche Yojeol ជាឯកសារបោះពុម្ពចេញពីពុម្ពអក្សរលោហៈផ្តុំគ្នា ដែលនៅសល់ចាស់ជាងគេលើពិភពលោក នាអំឡុងពេលនៃកិច្ចប្រជុំប្រតិបត្តិរបស់អង្គការយូណេស្កូ កាលពីខែមេសា ឆ្នាំ ២០០៤ ។
ការបង្កើតកម្មវិធីនេះឡើងដើម្បីចូលរួមលើកស្ទួយនឹងលើកទឹកចិត្តដល់បុគ្គលឬស្ថាប័ន ដែលបានខិតខំគាំពារ និង ថែរក្សាមរតកឯកសារដោយផ្តោតលើ ទិសដៅអប់រំបណ្តុះបណ្តាល ការផ្សព្វផ្សាយនិង ការចែករំលែក ចំណេះដឹង ដល់ប្រជាពលរដ្ឋគ្រប់ ជាតិសាសន៍និងគ្រប់វ័យ ។រង្វាន់ J JIKJI នៃស្មារតីចងចាំ ពិភពលោករបស់អង្គការយូណេស្កូ បានផ្តល់ជូនបុគ្គលនិងស្ថាប័នសាធារណៈរៀងរាល់២ឆ្នាំម្តង ។ សារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែងនៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាប័នទី៨ ដែលទទួលបានរង្វាន់ប្រចាំឆ្នាំ២០២០នេះ ។ មូលដ្ឋានសំខាន់ក្នុងការផ្តល់រង្វាន់ គឺផ្អែកទៅលើការថែរក្សាអភិរក្ស ឯកសារ បណ្ណសារ រូបថតនិង ការរៀបចំប្រព័ន្ធទិន្នន័យរួមមួយ ដែលផ្តល់ភាពងាយស្រួល ដល់សាធារណជន ក្នុងការស្វែងរកឯកសារ ។ ការផ្តល់រង្វាន់នេះជាសក្ខីភាពមួយបង្ហាញ ពីស្មារតីនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា សហការជាមួយដៃគូអន្តរជាតិនានា ក្នុងការថែរក្សាឯកសារ ទុកជាភស្តុតាងសម្រាប់មនុស្សជាតិទាំងមូល សិក្សារៀនសូត្រ ដើម្បី ការពារកុំឱ្យអំពើប្រល័យពូជសាសន៍កើតឡើងសាជាថ្មី ក្នុងប្រទេសកម្ពុជា និង ពិភពលោក ។
សូមបញ្ជាក់ថា កម្មវិធីរង្វាន់ JIKJI ទទួលបានការគាំទ្រហិរញ្ញវត្ថុដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េតាមរយៈអង្គការយូណេស្កូនិងមានបំណងជំរុញលើកទឹកចិត្តដល់ស្ថាប័នឯកជន-រដ្ឋដែលកំពុងបម្រើការលើការអភិរក្សថែរក្សា ព្រមទាំងផ្ដល់លទ្ធភាពដល់សាធារណជនអាចប្រើប្រាស់បេតិកភណ្ឌឯកសារដែលជាបេតិកភណ្ឌរបស់មនុស្សជាតិ កាន់តែមានភាពងាយស្រួល៕